ក្លិប Fenerbahce បានសម្រេចចិត្តក្នុងការបញ្ចប់ការព្រមានរបស់ពួកគេ ពីការដកខ្លួនចេញពីក្របខណ្ឌ Süper Lig នឹងបន្តលេងការប្រកួតបាល់ទាត់នៅលីគកំពូលតួកគីតទៅទៀត។ នេះបើតាមការប្រកាសរបស់ប្រធានក្លិប Fenerbahce លោក Ali Koca អំឡុងការជួបប្រជុំជាមួយសមាជិកក្លិប និង អ្នកគាំទ្រនៅកីឡដ្ឋាន Şükrü Saracoğlu ទីក្រុងអ៊ីស្តង់ប៊ុល។
ជាការពិត ថ្មីៗនេះ Fenerbahce ពិចារណាដកខ្លួនចេញពីក្របខណ្ឌ Süper Lig បន្ទាប់ពីកីឡាកររបស់ពួកគេ រងការវាយប្រហារយ៉ាងដំណំពីសំណាក់អ្នកគាំទ្រ Trabzonspor នៅក្នុងទីលាន។ ហេតុការណ៍ហិង្សា កើតឡើងបន្ទាប់ពីក្រុមភ្ញៀវ Fenerbahce ឈ្នះលើក្រុម Trabzonspor ៣-២ ក្នុងជំនួបសប្តាហ៍ទី៣០។ ភ្លាមៗក្រោយចប់ការប្រកួត អ្នកគាំទ្រក្រុម Trabzonspor បានសម្រុកចូលទីលាន ហើយបានប្រឈមនឹងកងកម្លាំងសន្តិសុខ និងបានដេញវាយកីឡាកររបស់ Fenerbahce ពេញក្នុងទីលាន។
នេះជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងក្របខណ្ឌ Super Lig ដែលគេចាត់ទុកថាមានភាពចម្រូងចម្រាសបំផុតក្នុងរដូវកាលនេះ។ យ៉ាងណា បន្ទាប់ពីការសម្របសម្រួល ជាច្រើនរួចមក ក្លិប Fenerbahce បានសម្រេចចិត្ត បញ្ចប់ការព្រមានរបស់ពួកគេ និងបន្តការប្រកួតប្រជែងរបស់ខ្លួនតទៀត។
ទាក់ទិននឹងរឿងនេះលោក Ali Koca បានឱ្យដឹងថា៖ “Fenerbahce គឺជាជនរងគ្រោះនៃការសម្រេចចិត្តដោយអយុត្តិធម៌ដោយអាជ្ញាកណ្តាល និងមន្ត្រីដទៃទៀត ជាច្រើនឆ្នាំ។ ហេតុផលដែលយើងទាំងអស់គ្នានៅទីនេះ គឺដើម្បីវាយតម្លៃ និងសម្រេចចិត្តលើវិធីសាស្រ្ត និងផលវិបាកដែលអាចកើតមាននៃការតស៊ូរបស់យើងប្រឆាំងនឹងការជាន់ឈ្លី និងសិទ្ធិរបស់យើងដែលត្រូវបានបំបាត់ ។ ជម្រើសរបស់យើងគឺចង់ដកខ្លួនចេញពី Süper Lig ប៉ុន្តែ យើងមិនចប់បញ្ចប់ក្នុងវិធីនោះទេ ហេតុនេះ យើងសម្រេចចិត្តបញ្ចប់ការព្រមាន និងបន្តលេងនៅទីនេះតទៀត។”
Fenerbahce បច្ចុប្បន្នឈរនៅលេខរៀងទី២ ក្នុងតារាង Super Lig មាន ៧៩ពិន្ទុ ក្រោយឆ្លងកាត់ ៣០ប្រកួត តាមពីក្រោយក្រុមកំពូលតារាង Galatasaray ចំនួន២ពិន្ទុ និងនាំមុខក្រុមលេខ៣ Trabzonspor ចំនួន ៣០ ពិន្ទុ។ ពួកគេនឹងបន្តការប្រកួត Süper Lig ឡើងវិញ ដោយត្រូវស្វាគមន៍ក្រុម Adana Demirspor នៅយប់នេះ៕