×

ក្រុមហ៊ុន Adidas ហាមឃាត់អ្នកគាំទ្រទិញឯកសណ្ឋានក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលមានលេខ ៤

ក្រុមហ៊ុនផលិតសម្ភារកីឡាលំដាប់ពិភពលោកមកពីអាល្លឺម៉ង់ Adidas បានហាមឃាត់អ្នកគាំទ្របាល់ទាត់មិនឱ្យទិញឯកសណ្ឋានក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលមានលេខ ៤ ឬ ៤៤ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលើកឡើងពីភាពស្រដៀងគ្នាទៅនឹងនិមិត្តសញ្ញា SS ដែលប្រើដោយអង្គភាពរបស់គណបក្ស Nazi នាសម័យសង្គ្រាមលោកលើកទីពីរ។

អង្គភាព Schutzstaffel ឬ SS គឺជាអង្គភាពយោធាដ៏សំខាន់ និងទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលប្រព្រឹត្តដោយពួក Nazi ។ និមិត្តសញ្ញា SS បានរចនាឡើងនៅក្នុងឆ្នាំ ១៩២៩ សម្រាប់ប្រើដោយអង្គភាព Nazi ។ ភារកិច្ចរបស់អង្គភាព SS រួមមាន ការគ្រប់គ្រងជំរំមរណៈជនជាតិយូដារាប់លាននាក់ និងអ្នកផ្សេងទៀត ដែលត្រូវបានសម្លាប់។

ជុំវិញរឿងនេះ ក្រុមហ៊ុន Adidas បានលើកឡើងថា ក្រុមហ៊ុនគ្មានចេតនារចនាម៉ូដលេខ ៤ ឬ ៤៤ ស្រដៀងនឹងនិមិត្តសញ្ញា Nazi នោះទេ ហើយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ DFB និងដៃគូរបស់ខ្លួនបានរចនាលេខនៅលើឯកសណ្ឋានថ្មី ហើយការរចនាអាវត្រូវបានដាក់ជូនសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ដើម្បីពិនិត្យអំឡុងពេលដំណើរការរចនា ហើយគ្មាននរណាម្នាក់ក្នុងចំណោមភាគីពាក់ព័ន្ធបានឃើញភាពស្រដៀងជាមួយនឹងនិមិត្តសញ្ញាណាស៊ីនោះទេ។ យ៉ាងណាមិញ ការរចនាម៉ូដជំនួសសម្រាប់លេខ ៤ នឹងត្រូវបានបង្កើតឡើង។

Adidas គឺជាដៃគូផលិតអាវក្រុមជម្រើសជាតិអាល្លឺម៉ង់តាំងពីទសវត្សរ៍ឆ្នាំ ១៩៥០ មកម្ល៉េះ ប៉ុន្តែកាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ បានបញ្ចប់ភាពជាដៃគូជាមួយនឹងក្រុមហ៊ុននេះ ដើម្បីចាប់យកក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក Nike ដែលជាគូប្រជែង ដោយចុះកិច្ចសន្យា ចាប់ពីឆ្នាំ ២០២៧ រហូតដល់ឆ្នាំ ២០៣៤ តែវាក៏ទទួលបានការរិះគន់ពី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck ថា ខ្វះភាពស្នេហាជាតិ។

សូមបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតជើងឯកបាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro នៅឆ្នាំ ២០២៤ នេះ ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងចំនួន ១០ ផ្សេងៗគ្នា ចាប់ពីថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង