×

អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ លោក Luis Rubiales រងការចោទប្រកាន់ពីបទស៊ីសំណូក និងពុករលួយ

បន្ទាប់ពីមានរឿងអាស្រូវថើបមាត់កីឡាការិនី រហូតត្រូវលាលែងពីតំណែងរួចមក ពេលនេះ អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF លោក Luis Rubiales កំពុងរងការចោទប្រកាន់បន្ថែមពីរទៀតពីបទស៊ីសំណូក និងពុករលួយ។

អាជ្ញាធរបានធ្វើការឆែកឆេរការិយាល័យ និងទ្រព្យសម្បត្តិរបស់បុរសវ័យ៤៦ឆ្នាំ ដើម្បីស្វែងរកព័ស្តុតាងនានា ដែលផ្សារភ្ជាប់ទៅនឹងការចោទប្រកាន់លើរូបលោក អំឡុងពេលកាន់តំណែងជាថ្នាក់ដឹកនាំសហព័ន្ធបាល់ទាត់អេស្ប៉ាញ។

តុលាការទីក្រុងម៉ាទី្រត បានធ្វើការស៊ើបអង្កេត ករណីរបស់លោក Luis Rubiales ចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ នៅពេលដែល ក្រុមហ៊ុន Kosmos របស់អតីតកីឡាករក្លិប Barcelona កីឡាករ Gerard Pique នឹងផ្លាស់ប្តូរទីតាំងពានរង្វាន់ Spanish Super Cup ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃ ១២០ លានអឺរ៉ូ។

មកទល់ពេលនេះ មនុស្ស៧នាក់ត្រូវបានចាប់ខ្លួនហើយ ខណៈលោក Luis Rubiales ត្រូវបានតម្រូវឱ្យ វិលត្រឡប់មកកាន់ប្រទេសអេស្ប៉ាញវិញ នៅខណៈដែលរូបលោកកំពុងស្ថិតក្នុង ដំណើរការអាជីវកម្មសាធារណៈរដ្ឋដូមេនីកា។

ទោះយ៉ាងណា លោក Rubiales បានបដិសេធការចោទប្រកាន់ និងថា ប្រាក់ចំណូលរបស់ខ្លួនគឺជាផលិតផលនៃការងារ និងការសន្សំ។ លោក Rubiales ក៏បានបញ្ជាក់ដែរថា ប៉ូលីសអេស្ប៉ាញបានឆែកឆេរផ្ទះសំណាក់បណ្តោះអាសន្នរបស់លោក នៅសាធារណរដ្ឋដូមីនីកា ដោយរឹបអូសយកទូរសព្ទដៃមួយគ្រឿង។

កាលពីខែកញ្ញា លោក Luis Rubiales បានលាលែងពីតំណែងជាប្រធាន RFEF ហើយមួយខែក្រោយមកលោកត្រូវបាន FIFA ហាមប្រាមពីរាល់សកម្មភាពកីឡាបាល់ទាត់រយៈពេល ៣ ឆ្នាំ សម្រាប់ការថើបកីឡាការិនី Jenni Hermoso នៅលើបបូរមាត់ដោយមិនមានការយល់ព្រមនៅក្នុងព្រឹត្តិការណ៍ FIFA Women’s World Cup 2023។

លោក Rubiales បានប្រកែកថាវាជាការព្រមព្រៀងគ្នា ហើយបានបដិសេធមិនធ្វើខុស ប៉ុន្តែព្រះរាជអាជ្ញាកំពុងស្វែងរកការកាត់ទោសឱ្យលោកត្រូវជាប់ពន្ធនាគារ ២ឆ្នាំកន្លះ បន្ទាប់ពីចោទប្រកាន់គាត់ពីបទរំលោភផ្លូវភេទ និងការបង្ខិតបង្ខំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង