×

ល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ មានភាពល្បីរន្ទឺនៅលើសកលលោក មនុស្សចម្រុះជាតិសាស៍ចេះលេងល្បែងនេះ

“ល្បែងទាញព្រ័ត្រ” ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំងបុរសទាំងស្រី ដែលនិយមលេងនៅរដូវចូលឆ្នាំខ្មែរ ឬកម្មវិធីកម្សាន្តភូមិជាដើម។ សមាសភាពនៃអ្នកចូលរួមលេងល្បែងទាញព្រ័ត្រ គេចែកចេញជា ២ ក្រុម។ មុនដំបូងគេជ្រើសរើសបុរសម្នាក់ និងស្ត្រីម្នាក់ ដែលមានមាឌធំមាំឱ្យធ្វើជាអ្នកឈរកាន់ចុងព្រ័ត្រ។ បន្ទាប់មក បុរស និងស្ត្រីនោះ ត្រូវកាន់ចុងម្ខាងម្នាក់ ហើយឱ្យប្រុសម្នាក់ និងស្រីម្នាក់ទៀត ដែលមានមាឌធំ ឈរកណ្ដាលព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរសម្រាប់នាំពួកខ្លួនឱ្យខំទាញរៀងៗខ្លួន។ ចំណែកឯអ្នកដែលមានមាឌតូចៗ ស្គមៗ កម្លាំងខ្សោយៗ គេឱ្យឈរនៅកណ្ដាល។

លុះរៀបចំរួចហើយ គេឱ្យមនុស្សប្រុសម្នាក់កាន់សំភោរ ឬគង ឬក៏រគាំង ឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថាយក្សអរ(១) !.! ឮយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ រីឯអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មាន ជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជម្នះរៀងខ្លួន។ ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦នាទី ដល់ ១០នាទីឡើងទៅ ទើបឃើញឈ្នះ ឃើញចាញ់។ កាលដឹងថា ខាងណាឈ្នះ ខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសាជាថ្មី ដរាបដល់ហត់រៀងៗខ្លួនទើបឈប់។

ល្បែងទាញព្រ័ត្រ ត្រូវបានគណៈកម្មការយូណេស្កូ សម្រេចចុះបញ្ជីចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ក្នុងកិច្ចប្រជុំលើកទី១០ នៅទីក្រុងវិនហ៊ើក ប្រទេសណាមីប៊ី។

សូមបញ្ជាក់ថា “ល្បែងទាញព្រ័ត្រ” មិនមែនមានតែកម្ពុជានោះទេ ល្បែងប្រពៃណីមួយប្រភេទនេះ ប្រទេសកូរ៉េ វៀតណាម ហ្វីលីពីន ក៏មានល្បែងនេះដែរ ហើយប្រទេសទាំងនោះ ក៏គេបានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដូចកម្ពុជាផងដែរ (សិទ្ធិរួម)។ ការចុះបញ្ជីនេះ នឹងអាចរក្សាបានភាពគង់វង្ស ព្រមទាំងគាំទ្រធ្វើឱ្យររស់ឡើងវិញនូវការលេងល្បែងទាញព្រ័តនេះ។ ការដាក់បញ្ជូលនេះ បន្ទាប់ពីអង្គការយូណេស្កូ ប្រើពេលសិក្សា និងត្រួតពិនិត្យសំណើរបស់កម្ពុជាយ៉ាងហ្មត់ចត់។

នៅលើពិភពលោក ល្បែងទាញព្រ័ត្រ ទទួលបានប្រជាប្រិយភាព ដោយសារកត្តាសំខាន់ៗមួយចំនួន៖

ភាពងាយស្រួល៖ ល្បែងនេះគឺជាកីឡាដ៏សាមញ្ញងាយយល់ ដែលទាមទារឧបករណ៍តិចតួចបំផុតសម្រាប់លេង ហើយអាចលេងបានដោយមនុស្សគ្រប់វ័យ និងគ្រប់សមត្ថភាព។ ភាពងាយស្រួលនេះ ធ្វើឱ្យវាក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់ពិធីផ្សេងៗ របស់សហគមន៍ សាលារៀន និងសកម្មភាពកសាងក្រុម។

ការងារជាក្រុម និងមិត្តភាព៖ ល្បែងទាញព្រ័ត្រ សង្កត់ធ្ងន់លើការងារជាក្រុម ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងចំណោមសមាជិកក្រុម។ កីឡានេះជំរុញឱ្យមានស្មារតីសាមគ្គីភាព និងការរួបរួម ខណៈអ្នកចូលរួម ធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួមមួយ។

កាយសម្បទាមាំមួន៖ ល្បែងទាញព្រ័ត្រ គឺជាកីឡាដែលទាមទារកម្លាំង ការស៊ូទ្រាំ និងការសម្របសម្រួល។ ការប្រកួតប្រជែងក្នុងកីឡានេះ ធ្វើឱ្យវាក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការរក្សាភាពសកម្ម និងធ្វើឱ្យកាយសម្បទាទាំងមូលប្រសើរឡើង។

ស្មារតីប្រកួតប្រជែង៖ លក្ខណៈប្រកួតប្រជែងនៃល្បែងទាញព្រ័ត្រ ទាក់ទាញបុគ្គលជាច្រើនដែលចូលចិត្តការប្រកួតប្រជែង និងការប្រឈមមុខនឹងគូប្រកួត។ យុទ្ធសាស្ត្ររបស់កីឡា និងការប្រយុទ្ធទល់មុខគ្នា បង្កើតបរិយាកាសរំភើប និងទាក់ទាញសម្រាប់អ្នកចូលរួម និងអ្នកទស្សនា។

សារសំខាន់នៃវប្បធម៌៖ នៅក្នុងវប្បធម៌ជាច្រើន ល្បែងទាញព្រ័ត្រ មានអត្ថន័យវប្បធម៌ ហើយត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រពៃណី។ កីឡាជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងពិធីបុណ្យ ការប្រារព្ធពិធី និងព្រឹត្តិការណ៍សហគមន៍ ដែលជានិមិត្តសញ្ញានៃការរួបរួម និងបេតិកភណ្ឌ។ ទំនាក់ទំនងវប្បធម៌នេះ បន្ថែមការទាក់ទាញ និងជួយរក្សាកេរដំណែលរបស់វា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង