ខ្សែប្រយុទ្ធ Cristiano Ronaldo បានទទួលកាតក្រហមក្នុងប្រកួតក្លិប Al Nassr នឹងក្លិប Al Hilal នាពានរង្វាន់ Saudi Super Cup វគ្គ ៨ក្រុមចុងក្រោយ ដែលបញ្ចប់ក្នុងលទ្ធផល ២-១ កាលពីពេលកន្លងទៅ ហើយរូបគេត្រូវរងពិន័យជាសាច់ប្រាក់ប្រមាណ ៥,៤០០ដុល្លារ និងមិនអនុញ្ញាតឱ្យចូលរួម ២ប្រកួត។
មូលហេតុដែលធ្វើឱ្យមានរឿងរ៉ាវនេះកើតឡើងគឺដោយសារ កីឡាករព័រទុយហ្គាល់បានប្រើកែងដៃរង ក្នុងសកម្មភាពស្ទើតែវាយ ខ្សែការពារ Ali Albulayhi ក្នុងពេលប្រទាញប្រទង់យកបាល់ពីគ្នាទៅវិញទៅមក។
Ronaldo ក៏បង្ហាញកាយវិការមិនគោរពដល់អាជ្ញាកណ្តាលកាត់សេចក្តី ស្របពេលដែលមន្ត្រីអាជ្ញាកណ្តាលដែលបានដាក់ពិន័យនោះ បានដើរចេញពីកីឡាករវ័យ៣៩ឆ្នាំ ។ គាត់ ត្រូវបានអាជ្ញាកណ្ដាលបញ្ជូនចេញពីទីលានប្រកួតនៅនាទី៨៦ ក្រោយមានសកម្មភាពបែបនេះ។
ទោះជាការតវ៉ាបានធ្វើឡើងយ៉ាងណាក្តី ក៏ទង្វើរបស់ Ronaldo ត្រូវបានគេមើលឃើញ ពិតជាមើលទៅឃើញថាមានចេតនាយាកែងដៃក្នុងចេតនាចង់វាយកីឡាករ Al Hilal នេះមែន។
Ronaldo ទើបត្រលប់មកប្រកួតវិញមិនទាន់បានប៉ុន្មានផង ដោយសារតែលើកមុនគេក៏ទទួលបានកាតក្រហមផងដែរ ក៏ដូចជាពិន័យជាទឹកប្រាក់ប្រហាក់ប្រហែលគ្នាផងដែរ ក្រោយធ្វើសកម្មភាពមិនសមរម្យក្រោយអ្នកចូលរួមទស្សនាស្រែកគាំទ្រ Lionel Messi ដើម្បីចំអករូបគេ។
ការធ្លាក់ចេញពី Saudi Super Cup មានន័យថា Cristiano Ronaldo ក្នុងរដូវកាលនេះ នឹងអាចខកខានការឈ្នះពានរង្វាន់នានា ចាប់តាំងពីរូបគេបានផ្លាស់ទៅកាន់ក្លិប Al Nassr តាំងពីឆ្នាំ ២០២៣។ Al Nassr បានធ្លាក់ចេញពីពានរង្វាន់ AFC Champions League មានគម្លាតពិន្ទុ ១២ពិន្ទុពីក្រុម Al Hilal នៅក្របខណ្ឌ Saudi Pro League ថែមទៀត៕