គ្រូបង្វឹកលោក Carlo Ancelotti បានធ្វើការកោតសរសើរការលេងរបស់ខ្សែបម្រើ Jude Bellingham ក្រោយពីរូបគេបានស៊ុតបញ្ចូលទីនៅចុងម៉ោង ដើម្បីជួយឱ្យ Real Madrid យកឈ្នះ Barcelona ក្នុងជំនួប La Liga កាលពីយប់មិញ។
ជាការពិត ការប្រកួតដែលធ្វើឡើង នាកីឡដ្ឋាន Santiago Bernabeu នោះ ក្រុមទាំងសងខាងមានការវាយសម្រុកដាក់គ្នាយ៉ាងសស្រាក់សស្រាំ ដោយក្នុងនោះ ក្រុម Barcelona បាននាំមុខមុន ដោយគ្រាប់បាល់របស់ Andreas Christensen តែក្រុមម្ចាស់ផ្ទះ Real Madrid ក៏បានតាមស្មើដោយ ការស៊ុតបាល់ពិន័យ១១ម៉ែត្ររបស់ Vinicius Junior ក្នុងនាទី១៨ ហើយវគ្គទី១ក៏បញ្ចប់ដោយលទ្ធផល ស្មើគ្នា ១-១។
ចូលដល់វគ្គទី២ Barcelona បាននាំមុខសាជាថ្មី ដោយ Fermín López ស៊ុតនៅនាទី៦៩ តែ Lucas Vazquez ក៏បានស៊ុតឱ្យ Real Madrid តាមស្មើម្តងទៀតដែរ នៅក្នុងនាទី ៧៣ ។ លទ្ធផលស្មើគ្នានេះ បានរក្សាហៀបនឹងចប់ការប្រកួតទៅហើយ ស្រាប់តែ នាទី៩០+១ Jude Bellingham បានស៊ុតបញ្ចូលទីបានសម្រេច ធ្វើឱ្យ Real Madrid ឈ្នះ Barcelona ក្នុងលទ្ធផល ៣-២ តែម្តង។
ជាមួយនឹងការធ្វើបានល្អរបស់ Jude Bellingham បែបនេះ លោក Carlo Ancelotti បានបង្ហាញពីភាពរីករាយ ចំពោះគុណផល នៃការខិតខំប្រឹងប្រែងរបស់គេសម្រាប់ Real Madrid ។
គ្រូបង្វឹកជនជាតិអ៊ីតាលី បានថ្លែងឱ្យដឹងក្រោយចប់ការប្រកួតថា៖ “មែនហើយ ខ្ញុំគិតថា Jude Bellingham បានបញ្ចេញគុណផលរបស់គេ ត្រូវពេលវេលាល្អណាស់។ គេបានលេងក្នុងការប្រកួត យ៉ាងអស់ពីសមត្ថភាព ហើយគេប្រឹងប្រែងគ្រប់ពេល។ ខ្ញុំរីករាយណាស់ ព្រោះការប្រឹងប្រែងរបស់កីឡាករ បានជួយឱ្យពួកយើងឈ្នះ និងឈានមួយជំហានទៀត ទៅកាន់ការប្រដេញជើងឯកនៅរដូវកាលនេះ។”
សូមបញ្ជាក់ថា ឆ្លងកាត់ការប្រកួតចំនួន៣២ លើកកន្លងមកនេះ Real Madrid បច្ចុប្បន្ន កំពុងឈរកំពូលតារាង ក្របខណ្ឌ La Liga មាន ៨១ពិន្ទុ ឃ្លាតពីក្រុមលេខ ២ Barcelona ដល់ទៅ១១ពិន្ទុឯណោះ៕