×

AC Milan នឹងបញ្ចប់តំណែងគ្រូបង្វឹកលោក Stefano Pioli នៅដំណាច់រដូវកាលនេះ

ក្លិប AC Milan បានសម្រេចចិត្តនឹងធ្វើការបញ្ចប់តំណែងគ្រូបង្វឹកលោក Stefano Pioli នៅដំណាច់រដូវកាលឆ្នាំ២០២៣-២៤ ក្រោយចាញ់ការប្រកួតក្រោមថ្វីជើងក្រុមគូប្រជែង Inter Milan ដោយលទ្ធផល ២-១ នាក្របខណ្ឌ Serie A ។

ជ័យជម្នះលើ AC Milan បានធ្វើឱ្យ Inter Milan ក្លាយជាម្ចាស់ជើងឯកពានលីគកំពូលអ៊ីតាលីប្រចាំរដូវកាលនេះ។
ក្រោយចប់ការប្រកួត ថ្នាក់ដឹកនាំក្លិប AC Milan គឺបានសម្រេចចិត្តរួចរាល់ហើយដោយមិនផ្ដល់ឱកាសដល់ លោក Stefano Pioli ទៀតទេ ហើយនៅខណៈនេះ ពួកគេកំពុងសម្លឹងមើលបេក្ខភាពគ្រូបង្វឹកថ្មីដែលសក្ដិសមមកកាន់តំណែងជាបន្ត។

ចំពោះបេក្ខភាពគ្រូបង្វឹកថ្មីដែលអាចនឹងមកដឹកនាំក្លិប AC Milan ជាបន្ត ត្រូវបានរាយការណ៍ថាអាចជា លោក Antonio Conte ប្រសិនបើលោកព្រមមកដឹកនាំក្លិបវិញ ព្រោះលោកធ្លាប់បដិសេធក្លិបនេះម្ដងហើយកាលពីរដូវកាលមុន ដែលធ្វើឱ្យលោក Stefano Pioli បន្តដឹកនាំ រហូតមកទល់ពេលនេះ។

ក្រៅពីលោក Antonio Conte ហើយ AC Milan បេក្ខភាពមួយរូបទៀតគឺលោក Thiago Motta គ្រូបង្វឹក ក្លិប Bologna ដែលកំពុងឈរលេខ៤ក្នុងតារាងពិន្ទុក្របខណ្ឌ Serie A ។

សូមបញ្ជាក់ថា លោក Stefano Pioli បានមកដឹកនាំ AC Milan តាំងពីឆ្នាំ២០១៩មក ដោយឈ្នះពានបាន១ដង សម្រាប់ក្លិប គឺពានរង្វាន់ Serie A កាលពីរដូវកាលឆ្នាំ២០២១-២២។ បន្តពីនោះ ពួកគេក៏បានខកខានឱកាស ក្នុងការឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី ២ដងជាប់គ្នាហើយ ពោលគឺចាប់ពីឆ្នាំ២០២២-២៣ រហូតមកពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង