×

លោក Xavi ប្ដូរចិត្តបន្តធ្វើជាគ្រូបង្វឹក Barcelona រដូវកាលក្រោយ

គ្រូបង្វឹក លោក Xavi Hernandez បានបង្ហាញពីការផ្លាស់ប្តូរចិត្ត ពីការចុះចេញពីតំណែងក្រោយចប់រដូវកាល ដោយយល់ព្រមបន្តដឹកនាំ Barcelona នៅរដូវកាល ២០២៤-២៥។ 

 

កិច្ចពិភាក្សា ត្រូវបានធ្វើឡើងរវាង លោក Xavi និងមន្ត្រីក្លិប ដើម្បីសម្រេចចិត្តលើការផ្តល់កិច្ចសន្យា ១រដូវកាលបន្ថែមទៀត។ ក្លិប Barcelona បញ្ជាក់ថាការបន្តកុងត្រា ក៏ស្ថិតក្នុងលក្ខខណ្ឌមិនជាក់លាក់មួយចំនួន ដែលក្លិបបានកំណត់។ 

 

បើតាមការអះអាងរបស់ក្លិប លោក Xavi នឹងរៀបចំការជជែកជាមួយប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែមេសា មុនពេលការប្រកួតរវាង Barcelona ទល់នឹង Valencia។ ប្រធានក្លិប Barcelona លោក Joan Laporta ត្រូវបានគេរំពឹងថានឹងមានវត្តមានក្នុងធ្វើសន្និសីទកាសែតនៅសប្តាហ៍ក្រោយ លើការសម្រេចចិត្តរបស់ Xavi។ 

 

លោក Xavi ធ្លាប់បានចំណាយពេល ១៧ឆ្នាំ លេងនៅ Barcelona ដោយ បានបង្ហាញខ្លួនលេង ៧៦៧លើក និងជួយក្លិបឈ្នះពានចំនួន ២៥លើក ក្នុងនោះរួមមានពាន Champions League ៤លើក និង La Liga ៨លើក។ ទោះការដឹកនាំរដូវកាលដំបូង បានជួយក្រុមឈ្នះ La Liga ក្តី តែ Barcelona វិលត្រឡប់ភាពរអាក់រអួលវិញក្នុងរដូវកាលនេះ ដែលធ្វើអោយលោកមានសម្ពាធ។ 

 

ការប្រកាសពីការចុះចេញពីតំណែង ត្រូវបានធ្វើឡើងកាលពីខែមករា ដើមឆ្នាំ ២០២៤ ដោយកាលនោះ Xavi និយាយថា លោកមិនរីករាយក្នុងការដឹកនាំ ព្រោះតែរងសម្ពាធ និងការទាមទារពីការងារនៅក្លិបខ្លាំងពេក។ 

 

យ៉ាងណាក៏ដោយ ក្លិប Barcelona បង្ហើបថា លោក Xavi បានសន្យាថា គ្មានការផ្លាស់ប្តូរធំអ្វីឡើយក្នុងក្រុមការងាររបស់លោក ដោយលោកគ្រាន់តែរំពឹងលើលោក Laporta ថា នឹងធានាថាក្រុមនឹងអាចនាំយកកីឡាករកម្រិតកំពូលណាមួយ ទោះក្លិបមានបញ្ហាហិរញ្ញវត្ថុក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង