ខ្សែបម្រើ Jude Bellingham បានដាក់គោលដៅជួយ Real Madrid ក្នុងការប្រជែងពានរង្វាន់ La Liga, Champions League និងពានរង្វាន់ UEFA Euro 2024 ជាមួយក្រុមជម្រើសជាតិអង់គ្លេស ក្នុងឆ្នាំ២០២៤។
កីឡាករវ័យ ២០ឆ្នាំ ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្រោយពីរូបគេទើបតែបានឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ Laureus Award។ ចាប់តាំងពីចូលរួមជាមួយ Real Madrid ក្រោយពីផ្លាស់ពី Borussia Dortmund ដើមរដូវកាលដល់ពេលនេះ Bellingham រកបាន២១គ្រាប់ហើយពីគ្រប់ការប្រកួត។
Jude Bellingham បានដាក់គោលដៅធំក្នុងការជួយក្រុមឈ្នះពានរង្វាន់លីគកំពូលអេស្ប៉ាញ និងប្រចាំអឺរ៉ុប ខណៈគេក៏សម្លឹងជួយក្រុមជម្រើសជាតិអង់គ្លេសថែមទៀតក្នុងពាន Euro 2024 ដែលធ្វើនៅប្រទេសអាល្លឺម៉ង់។
Bellingham បាននិយាយបែបនេះថា “វាពិតជាអ្វីដែលខ្ញុំចង់ធ្វើ យើងកំពុងមានការប្រកួតមួយចំនួនទៀតត្រូវប្រជែងក្នុងការចាប់យកពាន La Liga បន្ទាប់មកយើងមានការប្រកួតដ៏លំបាកទល់នឹង Bayern Munich ក្នុងវគ្គពាក់កណ្តាកផ្តាច់ព្រ័ត្រ Champions League។ សម្រាប់ Euro វិញ សង្ឃឹមថាយើងនឹងអាចនាំយកទម្រង់លេងពីការប្រកួតមុនៗ ដើម្បីធ្វើយ៉ាងណាអោយកាន់តែល្អជាងនេះសម្រាប់ក្រុមអង់គ្លេស។”
ចាប់តាំងពីចូលរួមជាមួយ Real Madrid មក Jude Bellingham មានឥទ្ធិពលយ៉ាងខ្លាំងពីសមត្ថភាពដ៏ខ្លាំងពូកែ។ រូបគេក៏ជាកីឡាករដែលមានគ្រាប់បាល់ស៊ុតច្រើនជាងគេលំដាប់ទី២ ចំនួន ១៧គ្រាប់ ប្រចាំ La Liga។
សម្រាប់អង់គ្លេសដោយចូលលេងដំបូងក្នុងឆ្នាំ ២០២០ Bellingham ធ្លាប់បានបង្ហាញខ្លួន ២៩លើក និងស៊ុតបាល់ចូល ៣គ្រាប់។ សម្រាប់ព្រឹត្តិការណ៍ Euro 2024 ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា អង់គ្លេសស្ថិតក្នុងពូលជាមួយនឹងក្រុមស្លូវ៉ានី, ដាណឺម៉ាក និងសែប៕