ខ្សែបម្រើ Frenkie de Jong នឹងត្រូវអវត្តមានរហូតដល់បញ្ចប់រដូវកាល La Liga ២០២៣-២០២៤ បន្ទាប់ពីកីឡាកររបស់ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានបានបញ្ជាក់ជាផ្លូវការណ៏ថា បានរងរបួសកជើងក្នុងការប្រកួតក្នុងជំនួប El- Clasico កាលពីចុងសប្តាហ៍កន្លងទៅ។
ក្លិប Barcelona បានរៀបរាប់ថា Frenkie de Jong បានរងរបួសកជើងស្តាំ ហើយត្រូវប្តូរចេញនៅមុនពេលចប់វគ្គទីមួយក្នុងការប្រកួតដែលពួកគេចាញ់ដោយលទ្ធផល ៣-២ ក្រោមថ្វីជើង Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិហូឡង់រូបនេះត្រូវបានគេរំពឹងថានឹងអាចជាសះស្បើយទាន់ការប្រកួតព្រឹត្តិការណ៏ Euro 2024 នៅរដូវក្តៅនេះ ខណៈរូបគេអាចអវត្តមានប្រមាណ៥ សប្តាហ៍។
ហូឡង់ ត្រូវជួបជាមួយកាណាដា និងអ៊ីស្លង់ ក្នុងការប្រកួតមិត្តភាពនៅថ្ងៃទី៦ និង១០ ខែមិថុនា មុនពេលការប្រកួតជើងឯកទ្វីបអឺរ៉ុបចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនាខណៈក្រុមរបស់លោក Ronald Koeman ស្ថិតក្នុងពូល D មានបារាំង ប៉ូឡូញ និងអូទ្រីស។
De Jong នឹងសង្ឃឹមថានឹងមានវត្តមានក្នុងការប្រកួតដំបូងព្រឹត្តិការណ៏ Euro 2024 ដែលអាល្លឺម៉ង់ធ្វើជាម្ចាស់ផ្ទះ។
ដោយឡែក ការបរាជ័យកាលពីចុងសប្តាហ៍កន្លងទៅនោះ ធ្វើអោយ Barcelona ថយគម្លាតដល់ទៅ១១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង La Liga គឺ Real Madrid ដោយពួកគេកំពុងឈរនៅចំណាត់ថ្នាក់លេខ២៕