×

គ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស ទទួលស្គាល់ថា បានទាក់ទងគ្នាជាមួយនឹងក្លិប Bayern Munich

អតីតគ្រូបង្វឹក Manchester United នឹងជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីសបច្ចុប្បន្ន លោក Ralf Rangnick បានទទួលស្គាល់ថា លោកបានទាក់ទងក្លិប Bayern Munich ខណៈក្លិបស្ថិតក្នុងប្រទេសអាល្លឺម៉ង់កំពុងតែស្វែងរកអ្នកស្នងតំណែងលោក Thomas Tuchel ដែលត្រៀមចេញក្រោយចប់រដូវកាល។

បុរសវ័យ ៦៥ឆ្នាំ បានបញ្ជាក់ថាមិនទាន់មានការព្រមព្រៀងអ្វីឡើយចំពោះឱកាសនៅក្លិប Bayern ស្របពេលលោកផ្តោតលើការដឹកនាំអូទ្រីស ត្រៀមការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមិថុនាជាមុនសិន។

ជុំវិញរឿងនេះលោក Rangnick បានឱ្យដឹងថា៖ “ពិតជាមានការទាក់ទងគ្នាពិតមែនពីសំណាក់ខាងក្លិប Bayern Munich ហើយខ្ញុំបានប្រាប់រឿងនេះទៅកាន់សហព័ន្ធបាល់ទាត់អូទ្រីសដូចគ្នា។ យើងមានការជឿជាក់គ្នាសម្រាប់ទំនាក់ទំនងមួយនេះ ខ្ញុំបានផ្តោតខ្លាំងនោះគឺក្រុមជម្រើសជាតិអូទ្រីស យើងផ្តោតលើការបំពេញភារកិច្ចនៅ Euro ជាមុនសិន។ ខ្ញុំផ្តោតអារម្មណ៍ល្អនៅទីនេះ ពេលនេះគ្មានហេតុផលដើម្បីដោះស្រាយលើបញ្ហាផ្សេងនោះទេ។”

សម្រាប់ Bayern Munich ដែលធ្លាប់ឈ្នះពានលីគ ១១លើកជាប់គ្នា បានរបូតពានរង្វាន់ ទៅកាន់ Bayer Leverkusen ទោះបីជានៅសល់ការប្រកួតចំនួន ៥ ទៀតក៏ដោយ។ លោក Tuchel ដែលដឹកនាំ Bayern បានជាង ១រដូវកាល បានប្រកាសថានឹងចាកចេញតំណែងក្រោយចប់រដូវកាល ក្រោយធ្លាក់ចេញពីពាន German Cup ដោយចាញ់ក្រុមលីគទី៣ Saarbruecken ។

យ៉ាងណាក៏ដោយ Bayern Munich នៅសល់ការប្រជែងពាន UEFA Champions League ដោយត្រូវជួប Real Madrid វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

លោក Ralf Rangnick ដែលធ្លាប់ដឹកនាំ Man United និង RB Leipzig អះអាងថាលោកអាចនឹងព្រមព្រៀងជាមួយ Bayern Munich ប្រសិនបើក្លិបផ្តល់សំណើដ៏សមរម្យមួយដល់លោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង