×

ប្រទេសបារាំងប្រឈមនឹងការរំខានសន្តិសុខ ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤

ទីក្រុងប៉ារីស ប្រទេសបារាំង នឹងប្រឈមមុខការរំខានដ៏ធំមួយពីបញ្ហាសន្តិសុខ ការគ្រប់គ្រងចរាចរណ៍ ក៏ដូចជាបញ្ហាសង្គ្រាមកំពុងកើតមានក្នុងប្រទេសអ៊ុយក្រែន និងតំបន់កាហ្សា មុនពេលកម្មវិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។

ជាការពិត ការបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងធ្វើឡើងនាដងទន្លេ Seine ដោយ អ្នករៀបកម្មវិធី បានរំពឹងថាការដង្ហែក្រុមអត្តពលិកមកពីប្រទេសជាច្រើនពិភពលោក លើទូកចំនួន ១៦០គ្រឿង បណ្តែតតាមដងទន្លេលើប្រវែង ៦គីឡូឆ្ពោះទៅកាន់ប៉ម Eiffel នឹងទាក់ទាញទស្សនីយភាពអ្នកគាំទ្រ។ អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ធ្លាប់បានរំពឹងថា អ្នកគាំទ្រប្រមាណ ៣សែនអ្នកនឹងទស្សនាពិធីបើកដោយផ្ទាល់ ដោយឈរនៅតាមដងទន្លេ Seine ។

យ៉ាងណាមិញ កត្តាសុវត្ថិភាពកំពុងតែក្លាយជារឿងដ៏ឈឺក្បាលបំផុតមួយ សម្រាប់មន្ត្រីការពារសន្តិសុខក្នុងទីក្រុងប៉ារីស ព្រោះតែការគំរាមកំហែងពីបញ្ហាភេរវកម្ម និងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ព្រមទាំងតំបន់កាហ្សាផ្តល់ការរំខាន។ បញ្ហានេះប់ត្រូវបាន ប្រធានាធិបតីបារាំងលោក Emmanel Macron លើកឡើងមកជជែកផងដែរ ដោយគម្រោងកម្មវិធីបើកតាមដងទន្លេ Seine អាចនឹងត្រូវលុបចោល ប្រសិនបើមានហានិភ័យខ្ពស់ខ្លាំង ខណៈផែនការជំនួសសម្រាប់កម្មវិធីបើកក៏ត្រូវបានត្រៀមរួចរាល់។

ថ្នាក់ដឹកនាំប៉ូលិសទីក្រុងប៉ារីស លោក Laurent Nunez បាននិយាយនៅក្នុងសន្និសីទព័ត៌មានមួយថា ប្រជាជនមានផ្ទះ ជាប់តាមដងទន្លេ Seine អាចអញ្ជើញមិត្តភក្កិឱ្យទៅចូលរួមទស្សនា ដោយការរៀបចំតាមផ្ទះនីមួយៗ។ លើសពីនេះ លោកក៏បានលើកឡើងពីបញ្ហាចរាចរណ៍ទាំងផ្លូវទឹក និងផ្លូវគោក ដែលនឹងអាចបណ្តាលជាបញ្ហាកកស្ទះ។ អ្នកដំណើរដែលឆ្លងកាត់និងចូលទៅបរិវេណតំបន់ក្បែរទន្លេ Seine មុនពេលកម្មវិធីបើក ក៏នឹងត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដែលអ្នករៀបចំធ្វើឡើង ដើម្បីអាចអនុញាតឱ្យពួកគេអាចធ្វើដំណើរចូលតំបន់ក្បែរនោះបាន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងធ្វើឡើងថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ដោយមានការប្រកួតចំនួន ៣២៩វិញ្ញាសា ពីកីឡា ៣២ប្រភេទ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង