×

ក្រុមហ៊ុន CBS បន្តការងារសប្បុរសធម៌របស់ខ្លួនដើម្បីជួយកុមារកំព្រា តាមរយៈភាពជាដៃគូផ្សព្វផ្សាយការប្រកួតប្រដាល់ឃីកបុកស៊ីង នាថ្ងៃទី១០ឧសភា

ក្រុមហ៊ុន CBS ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប សហការជាមួយក្រុមហ៊ុន LDST Development គ្រោងរៀបចំព្រឹត្តិការណ៍ប្រដាល់ឃីកបុកស៊ីង សប្បុរសធម៌កម្ពុជា-ជប៉ុន ជាលើកដំបូងនៅប្រទេសកម្ពុជា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីរៃអង្គាសថវិការជួយដល់កុមារកំព្រា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រដាល់ឃីកបុកស៊ីង សប្បុរសធម៌កម្ពុជា-ជប៉ុននេះ ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានសម្ដែងនូវក្ដីរីករាយចំពោះការរៀបចំឱ្យមានការប្រកួតនេះឡើង ខណៈបច្ចុប្បន្ននេះ ទាំងវិស័យគុនខ្មែរ និងវិស័យឃីកបុកស៊ីង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង។

លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានឱ្យដឹងថា ការប្រកួតនេះនឹងផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CNC ។ លោកសង្ឃឹមថា នឹងទទួលបានទស្សនាច្រើនពីសំណាក់ប្រជាជនកម្ពុជា ពិសេសរួមគ្នាចូលរួមចំណែកជួយដល់ការងារមនុស្សធម៌ ដូចជាមណ្ឌលកុមារកំព្រានៅកម្ពុជាជាដើម។

សូមជម្រាបថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមហ៊ុន CBS បានធ្វើកិច្ចការសប្បុរសធម៌របស់ខ្លួន តាមរយៈភាពជាដៃគូផ្សព្វផ្សាយបែបនេះ។ តួយ៉ាងកាលពីខែធ្នូកន្លងទៅ ក្រុមហ៊ុន CBS ដែលជាក្រុមហ៊ុនផ្សព្វផ្សាយឈានមុខគេ បានផ្សព្វផ្សាយការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌រវាង ក្រុមគុនខ្មែរអលស្ដារ ទល់នឹងក្រុមផ្ការីកគ្រប់រដូវកាល ដែលមានការចូលរួមពីកីឡាករគុនខ្មែរ និងក្រុមតារាល្បីៗនៅក្នុងប្រទេសកម្ពុជា ដែលដឹកនាំដោយនាយ ពែក មី ។

តាមរយៈព្រឹត្តិការណ៍នេះ ថវិការ ៧៧៧៧ ដុល្លារ ត្រូវបានផ្ដល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់កុមារកម្ពុជា ពិសេសក៏បានចូលរួមលើកស្ទួយវិស័យគុនខ្មែរ និងវិស័យបាល់ទាត់កម្ពុជាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង