ការប្រកួតរវាងតារាយូធូបដ៏ល្បីរបស់អាមេរិក ដែលប្រែខ្លួនជាអ្នកប្រដាល់ Jake Paul តទល់ជាមួយនឹងអតីតកំពូលអ្នកប្រដាល់អាមេរិក Mike Tyson ម្ចាស់ជើងឯកខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក ត្រូវបានសម្រេចជាផ្លូវការថា គឺជាការប្រកួតប្រដាល់អាជីពតែម្ដង។
ការប្រកាសដ៏ភ្ញាក់ផ្អើលនេះមានន័យថា លទ្ធផលការប្រកួតដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នឹងបង្ហាញនៅក្នុងកំណត់ត្រាប្រដាល់អាជីពកីឡាករទាំងពីរ។
កន្លងទៅ ការប្រកួតរបស់អ្នកទាំង២ មិនទាន់សម្រេចថា តើជាការប្រកួតប្រដាល់អាជីព ឬការប្រកួតបែបកម្សាន្ត Exhibition Match យ៉ាងណានោះទេ។ យ៉ាងណាការប្រកាសជាផ្លូវការថ្មីៗនេះ កាន់តែធ្វើអោយអ្នកគាំទ្រអន្ទះសាកាន់តែខ្លាំងឡើងចង់ទស្សនាការប្រកួតនេះ។ ច្បាប់ត្រូវបានកំណត់សម្រាប់ការប្រកួតទម្ងន់ធ្ងន់រវាងកីឡាករទាំងពីរ ដោយរួមបញ្ចូលទាំងការប្រកួត៨ទឹក ១ទឹកមានរយៈពេល២នាទី និងប្រើប្រាស់ហ្គង់ ទម្ងន់ ០.៤គីឡូក្រាម។
Mike Tyson បានចូលនិវត្តន៍៍ពីអាជីពកាលពីឆ្នាំ ២០០៥ នឹងឈានចូលវ័យ៥៨ឆ្នាំ ពោលគឺ៣សប្តាហ៍មុនពេលឡើងសង្វៀនប្រកួតទល់នឹង Jake Paul ដែលមានវ័យត្រឹម២៧ឆ្នាំប៉ុណ្ណោះ។
ក្រឡេកមកមើលកំណត់ត្រាអាជីពកីឡាករទាំង២វិញ Mike Tyson គឺជាអ្នកប្រដាល់សកលទម្ងន់ធ្ងន់ដំបូងគេ ដែលកាន់ជើងឯកខ្សែក្រវាត់ពិភពលោក WBA, WBC និង IBF ពេលដំណាលគ្នាក្នុងឆ្នាំ ១៩៨៧។ អាជីពរយៈពេល២០ឆ្នាំរបស់ Mike Tyson ឆ្លងកាត់ការប្រកួត៥៨ដង ឈ្នះ៥០ដង ចាញ់៦ដង ផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត ៤៤ដង និង២ប្រកួតបញ្ហាបច្ចេកទេសគ្មានលទ្ធផលចាញ់ ឈ្នះ។ រីឯ Jake Paul ពីតារាយូធូបប្រែក្លាយជាអ្នកប្រដាល់អាជីពនៅឆ្នាំ ២០២០ ដោយឆ្លងកាត់ ១០ប្រកួត ឈ្នះ៩ ចាញ់១ និងផ្តួលគូប្រកួតចំនួន ៦ដងផងដែរ ដែលភាគច្រើនជាការប្រកួតតទល់នឹងអតីតអ្នកប្រដាល់ UFC ខណៈដែលការចាញ់១ប្រកួតគឺទល់នឹងអ្នកប្រដាល់សកលទម្ងន់ធ្ងន់អង់គ្លេស Tommy Fury កាលពីឆ្នាំ ២០២៣ កន្លងទៅ។
ការប្រកួត Mike Tyson និង Jake Paul នឹងធ្វើឡើងនៅកីឡដ្ឋាន AT&T ដែលមានមូលដ្ឋាននៅទីក្រុង Arlington រដ្ឋ Texas ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៨ម៉ឺននាក់។ ការប្រកួតដ៏កក្រើកនេះ នឹងត្រូវចាក់ផ្សាយផ្តាច់មុខនៅទូទាំងពិភពលោកលើកម្មវិធី Netflix ដែលជាសេវាកម្មចាក់ផ្សាយវីដេអូភាពយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក៕