×

អ្នកចាំទីបែលហ្ស៊ិក Thibaut Courtois នឹងខកខានការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ UEFA Euro 2024 ដោយសាររបួស

អ្នកចាំទី Thibaut Courtois នឹងខកខានការបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ីក នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Euro 2024 ដោយសាររបួសសរសៃពួរជង្គង់ ACL។

កីឡាករវ័យ៣១ឆ្នាំ ត្រូវបានរំពឹងទុកថា នឹងអាចវិលត្រឡប់មករួមក្លិប Real Madrid វិញ ក្រោយពីរូបគេបានធូរស្រាលរបួស ACL ជង្គង់ខាងឆ្វេង ដែលកើតឡើងតាំងពីខែសីហាមុនរដូវកាល ២០២៣-២៤ ចាប់ផ្ដើម ។ យ៉ាងណា ក្រោយពីបានធូរស្រាលរបួសជង្គង់ឆ្វេង Thibaut Courtois បែរជាជួបបញ្ហារបួសជង្គង់ខាងស្តាំម្តង ដែលរបួសនេះបានកើតឡើងអំឡុងពេលរូបគេធ្វើការហ្វឹកហាត់កាលពីខែមីនា។

ដោយសារ បញ្ហារបួសនេះហើយ បានធ្វើអោយ Thibaut Courtois សឹងតែមិនអាចបង្ហាញខ្លួនលើទីលាន ពេញមួយរដូវកាល ដែលបានធ្វើអោយរូបគេ មិនមានឈ្មោះក្នុងបញ្ជីរបស់គ្រូបង្វឹកបែលហ្ស៊ីក លោក Domenico Tedesco សម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 នោះទេ។

ទាក់ទិននឹងរឿងនេះ លោក Domenico Tedesco បានអោយដឹងថា “គ្រប់យ៉ាងបានសម្រេចរួចរាល់ហើយ ខ្ញុំមិនចង់មានការប្រថុយប្រថាន ក្នុងការដាក់ Thibaut Courtois អោយចូលរួមក្រុមនោះទេ។ យើងនឹងផ្តោតទៅលើ កីឡាករដែលមានភាពពេញលេញសម្រាប់ការប្រកួតដ៏សំខាន់នាពេលខាងមុខ។”

សូមបញ្ជាក់ថា Thibaut Courtois បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបែលហ្ស៊ីក តាំងពីឆ្នាំ ២០១១ មក ដោយបានបង្ហាញខ្លួនសរុបបាន១០២ដង។

ដោយឡែក ក្នុងព្រឹត្តិការណ៍ UEFA Euro 2024 នោះ ក្រុមបែលហ្ស៊ីក បានផ្គូផ្គងចូលពូល  E រួមជាមួយស្លូវ៉ាគី រូម៉ានី និង អ៊ុយក្រែន។ ព្រឹត្តិការណ៍ UEFA Euro 2024 នឹងធ្វើឡើងនាប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ ១៤ ខែកក្កដា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង