×

គ្រូ Real Madrid ថាក្រុមខ្លួនមានជំនឿចិត្តបន្ថែមទោះបានត្រឹមស្មើ Bayern Munich នៅ UEFA Champions League កាលពីយប់មិញ

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បាននិយាយថា ក្រុមរបស់លោកមានជំនឿចិត្តបន្ថែមទោះបានត្រឹមស្មើ Bayern Munich នៅក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League កាលពីយប់មិញ។

ជាការពិត ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Allianz Arena នោះ Real Madrid បាននាំមុខមុននៅក្នុងវគ្គទី១ ដោយ Vinícius Júnior ស៊ុតបញ្ចូលទី នៅនាទី២១។

ចូលដល់វគ្គទី២ នាទី៥៣ Leroy Sane បានតាមរកគ្រាប់បាល់អោយ Bayern Munich វិញ ហើយនាទី ៥៧ Harry Kane បានស៊ុតបាល់ពិន័យ១១ម៉ែត្រ ផ្តល់ការនាំមុខអោយក្រុមម្ចាស់ផ្ទះ Bayern Munich។ យ៉ាងណាក្តី  នាទី៨៣ Vinicius Junior បានមានឱកាសទាត់បាល់ពិន័យ១១ម៉ែត្រ ដើម្បីជួយអោយ Real Madrid តាមស្មើ Bayern Munich មុនបញ្ចប់ការប្រកួតដោយលទ្ធផល ២-២។

ទោះបីជាបញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ប៉ុន្តែ លោក Carlo Ancelotti បានកោតសរសើរការលេងរបស់កូនក្រុម និងថា ក្រុមរបស់លោកនឹងមានជំនឿចិត្តបន្ថែម សម្រាប់ការប្រកួតជើងទី២ទៀត។

លោក Carlo Ancelotti បាននិយាយក្រោយចប់ការប្រកួតថា “ Bayern Munich បានបង្ហាញការលេងដ៏ល្អបំផុតរបស់ពួកគេ។ យ៉ាងណា ខ្ញុំគិតថាយើងធ្វើបានល្អណាស់ ។ យើងគ្រប់គ្រងបាល់បានល្អ និងទទួលលទ្ធផលល្អ។ វានឹងផ្តល់ទំនុកចិត្ត ជំនឿចិត្ត ដល់យើងសម្រាប់ជើងទី២។ ការប្រកួតនេះ បានបង្ហាញថា យើងមានកីឡាករដែលមានគុណភាពល្អ។”

សូមបញ្ជាក់ថា ក្រុមទាំង២នឹងធ្វើការប្រកួតគ្នានៅជើងទី២ ដែលនឹងធ្វើឡើងនាថ្ងៃទី៨ ខែឧសភា ខាងមុខ នាកីឡដ្ឋាន Santiago Bernabéu របស់ក្លិប Real Madrid វិញម្តង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង