×

គ្រូ Paris Saint Germain ចង់ឱ្យកូនក្រុមប្រឹងប្រែងសាជាថ្មី ក្រោយចាញ់ Borussia Dortmund កាលពីយប់មិញ

គ្រូបង្វឹក Paris Saint Germain លោក Luis Enrique មានការខកចិត្តចំពោះការបរាជ័យក្រោមថ្វីជើង Borussia Dortmund ដោយលទ្ធផល ១-០ នៅក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League និងថាលោកចង់ឱ្យកូនក្រុមប្រឹងប្រែងសាជាថ្មីនៅក្នុងការប្រកួតជើងទី២។

ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Signal Iduna Park កាលពីយប់មិញ ក្រុមភ្ញៀវ Paris Saint Germain ត្រូវបានមើលឃើញថា លេងគាបសង្កត់ទៅលើក្រុមម្ចាស់ផ្ទះ Borussia Dortmund ដោយពួកគេអាចគ្រប់គ្រងបាល់ដល់ទៅ ៥៧ភាគរយ ប៉ុន្តែស្ថិតិនៃការស៊ុតបាល់មានប្រហាក់ប្រហែលគ្នា ដោយ Paris Saint Germain មានឱកាសស៊ុតបាល់ ១៤ដង រីឯ Borussia Dortmund មានឱកាសស៊ុត១៣ដង។ យ៉ាងណាក៏ដោយ លេងបាន៣៦នាទី Borussia Dortmund បានរកគ្រាប់បាល់នាំមុខដោយ Niclas Fuellkrug ជាអ្នកស៊ុតបញ្ចូលទី បានសម្រេចមុនចប់វគ្គទី១។

នៅក្នុងវគ្គទី២ ការវាយសម្រុកដ៏ស្វិតស្វាញពីសំណាក់កីឡាករក្រុមទាំងសងខាងនៅតែកើតមាន ប៉ុន្តែមិនមានក្រុមណាអាចស៊ុតបញ្ចូលទីទៀតនោះទេ ទើបលទ្ធផល Paris Saint Germain ០ Borussia Dortmund ១ បន្តដល់ចប់ការប្រកួត។

ទទួលលទ្ធផលបរាជ័យនេះ មិនបានធ្វើឱ្យ លោក Luis Enrique គ្រូបង្វឹក Paris Saint Germain មានភាពរីករាយនោះទេ តែលោកយល់ពីការខិតខំប្រឹងប្រែងរបស់កូនក្រុម និងរំពឹងថា ក្រុមរបស់លោកនឹងអាចធ្វើបានល្អវិញ ក្នុងការប្រកួតជើងទី២នាពេលខាងមុខ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ បានឱ្យដឹងក្រោយចប់ការប្រកួតថា៖ “ខ្ញុំគិតថាការប្រកួតនេះវាពិបាកសម្រាប់ពួកយើង។ កីឡាកររបស់ខ្ញុំបានប្រឹងប្រែងលេងយ៉ាងខ្លាំង ហើយបើទោះជាត្រូវបានគូប្រជែងនាំមុខ ប៉ុន្តែពួកគេមិនបោះបង់ការតស៊ូនោះទេ។ នោះហើយជាអ្វីដែលខ្ញុំមានមោទកភាព។ យ៉ាងណា ខ្ញុំចង់ឱ្យគ្រប់គ្នាកាន់តែប្រឹងប្រែងឱ្យខ្លាំងក្លាម្តងទៀត ក្នុងជំនួបលើកក្រោយ ហើយត្រូវព្យាយាមឱ្យដល់ទីបំផុត។”

សូមបញ្ជាក់ថា ក្រុមទាំងសងខាងនឹងត្រូវជួបគ្នានៅក្នុងការប្រកួតជើងទី២ទៀត ដែលធ្វើឡើងនាកីឡដ្ឋាន Parc des Princes របស់ក្រុម Paris Saint Germain វិញម្តង នាថ្ងៃទី ៧ ខែឧសភា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង