×

Bayern Munich បន្តការចរចាយ៉ាងរលូនជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីស លោក Ralf Rangnick

មានការរាយការណ៍ថា ការចរចារវាងក្លិប Bayern Munich ជាមួយនឹងលោក Ralf Rangnick ដើម្បីនាំយករូបលោកមកធ្វើជាគ្រូបង្វឹកថ្មីរបស់ខ្លួនកំពុងបន្តដំណើរការយ៉ាងរលូន។

ជាការពិត Bayern Munich កំពុងតែស្វែងរកអ្នកស្នងតំណែងលោក Thomas Tuchel ដែលត្រៀមចាកចេញពីតំណែងនៅក្រោយចប់រដូវកាល ដោយពេលនេះពួកគេបានដាក់គោលដៅទៅលើលោក Ralf Rangnick អតីតគ្រូបង្វឹកបណ្តោះអាសន្ន Man UTD និងជាគ្រូបង្វឹកក្រុមជម្រើសជាតិអូទ្រីសនាពេលបច្ចុប្បន្ន។

ក្លិបនៅលីគកំពូលអាល្លឺម៉ង់មួយនេះជឿថា បុរសវ័យ៦៥ឆ្នាំ អាចកសាងភាពជោគជ័យរបស់ក្លិបឡើងវិញ បន្ទាប់ពីរបូតតំណែងជើងឯកក្របខណ្ឌ Bundesliga ទៅកាន់ក្លិប Bayer Leverkusen នៅរដូវកាល ២០២៣-២៤។

យ៉ាងណា លោក Ralf Rangnick បានបញ្ជាក់ថាមិនទាន់មានការព្រមព្រៀងអ្វីឡើយចំពោះឱកាសនៅក្លិប Bayern Munich ស្របពេលលោកផ្តោតលើការដឹកនាំអូទ្រីស ត្រៀមការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 ក្នុងប្រទេសអាល្លឺម៉ង់ក្នុងខែមិថុនាជាមុនសិន។

លោក Ralf Rangnick ត្រូវបានចាត់ទុកថា ជាគ្រូបង្វឹកដែលមានបទពិសោធយ៉ាងជោកជាំមួយរូប ដោយលោកធ្លាប់បានដឹកនាំក្លិបធំៗជាច្រើនដូចជា Stuttgart, Schalke 04, RB Leipzig និង Manchester United ជាដើម។

លោកក៏ជាគ្រូបង្វឹកដែលបានបង្ហាត់បង្ហាញ និង ជះឥទ្ធិពលទៅលើគ្រូបង្វឹក ដែលមានឈ្មោះល្បីៗផ្សេងទៀតដូចជាលោក Thomas Tuchel, Julian Nagelsmann, Ralph Hasenhüttl និង Jürgen Klopp ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង