×

អ្នកការពារជើងឯក Carlos Alcaraz ធ្លាក់នៅវគ្គ៨នាក់ចុងក្រោយ ការប្រកួតវាយកូនបាល់ កម្មវិធី Madrid Open 2024

កីឡាករអេស្ប៉ាញ Carlos Alcaraz បានបញ្ចប់ដំណើរប្រជែងការពារតំណែងជើងឯកនៃការប្រកួតវាយកូនបាល់កម្មវិធី Madrid Open 2024 ហើយ ដោយរូបគេបានរងបរាជ័យនៅត្រឹមវគ្គ៨នាក់ចុងក្រោយ។

ជាការពិត កីឡាករ Carlos Alcaraz បានត្រូវជួបប្រកួតជាមួយកីឡាកររុស្ស៊ី Andrey Rublev ប៉ុន្តែរូបគេបានចាញ់ក្នុងលទ្ធផល 4-6 6-3 និង 6-2។

បរាជ័យនេះបានធ្វើឱ្យក្តីសង្ឃឹមក្នុងការក្លាយជាកីឡាករដំបូងគេ ដែលអាចឈ្នះជើងឯកកម្មវិធី Madrid Open ៣ឆ្នាំជាប់គ្នា ត្រូវបញ្ចប់ទៅវិញទាំងខកចិត្ត។

រីឯកីឡាករ Andrey Rublev ដែលទទួលបានជ័យជម្នះនឹងត្រូវបន្តឡើងទៅកាន់វគ្គ៤នាក់ចុងក្រោយ ដោយត្រូវជួបជាមួយកីឡាករអាមេរិក Taylor Fritz ក្រោយពីបានទម្លាក់កីឡាករអាហ្សង់ទីន Francisco Cerúndolo ។

ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញម្តង កីឡាការិនី បែលឡារុស Aryna Sabalenka ក៏បានឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃកម្មវិធី Madrid Open 2024 នេះដែរ ក្រោយពីយកឈ្នះទៅលើ កីឡាការិនីរុស្ស៊ី Mirra Andreeva នៅក្នុងវគ្គ៨នាក់ចុងក្រោយតាមរយៈលទ្ធផល 6-1 និង 6-4។

កីឡាការិនី Aryna Sabalenka នឹងឡើងមកជួបកីឡាការិនី កាហ្សាក់ស្ថាន Elena Rybakina ដែលបានយកឈ្នះកីឡាការិនី Yulia Putintseva ជនជាតិកាហ្សាក់ស្ថានដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង