ការប្រណាំងសេះ កម្មវិធី Kentucky Derby 2024 បានដំណើរការរួចរាល់ហើយ ដែលការប្រកួតបានធ្វើឡើង នាទីក្រុង Louisville រដ្ឋ Kentucky សហរដ្ឋអាមេរិក។
នៅក្នុងនោះ អ្នកប្រកួតប្រជែងទាំងអស់ ត្រូវធ្វើការជិះសេះនាទីលាន Churchill Downs ដែលមានចម្ងាយផ្លូវ ប្រមាណ ២០១២ ម៉ែត្រ។ ជាលទ្ធផល សេះប្រណាំងដែលមានឈ្មោះថា Mystik Dan ជិះដោយកីឡាករម្ចាស់ផ្ទះ Brian Hernandez បានទទួលជ័យជំនះ ដោយអាចរត់មកដល់ទីព្រ័ត្រ ប្រើពេលត្រឹមតែ ២នាទី ៣វិនាទី ចុច៣៤តែប៉ុណ្ណោះ។ សម្រាប់ចំណាត់ថ្នាក់លេខ២ បានទៅលើសេះប្រណាំងឈ្មោះ Sierra Leone ជិះដោយកីឡាករម្ចាស់ផ្ទះ Tyler Gaffalione ហើយចំណាត់ថ្នាក់លេខ៣ បានទៅលើសេះប្រណាំងឈ្មោះ Forever Young ជិះដោយកីឡាករជប៉ុន Ryusei Sakai។
សូមបញ្ជាក់ថា ការប្រណាំងសេះកម្មវិធី Kentucky Derby បានដំណើរការ ១៥០ឆ្នាំ ហើយបើគិតមកទល់ឆ្នាំ២០២៤នេះ ដោយប្រាក់រង្វាន់សម្រាប់អ្នកឈ្នះជើងឯក មានប្រមាណ ៣,១ លានដុល្លារឯណោះ។
កម្មវិធី Kentucky Derby ក៏ជាដំណាក់កាលទី១ ក្នុងចំណោម៣ នៃការប្រណាំងសេះពានរង្វាន់ Triple Crown ដែលការប្រណាំងសេះដ៏ធំមួយនៅលើពិភពលោក។ ការប្រកួតជាបន្តដំណាក់កាលទី២ នៃពានរង្វាន់ Triple Crown គឺជាកម្មវិធី Preakness Stakes ធ្វើឡើងនាថ្ងៃទី ១៨ ខែឧសភា ខាងមុខ នាទីក្រុង Baltimore រដ្ឋ Maryland, សហរដ្ឋអាមេរិកដដែល៕