×

កីឡាកររុស្ស៊ី Andrey Rublev យកបានជើងឯកការប្រកួតវាយកូនបាល់កម្មវិធី Madrid Open 2024

ការប្រកួតវាយកូនបាល់ទីលានដីឥដ្ឋ កម្រិត ATP Tour Masters 1000 កម្មវិធី Madrid Open 2024 បានបញ្ចប់ហើយ បន្ទាប់ពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង Madrid ប្រទេសអេស្ប៉ាញ។

នៅក្នុងនោះគេក៏បាន រកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាកររុស្ស៊ី Andrey Rublev ដោយរូបគេបានយកឈ្នះទៅលើកីឡាករកាណាដា Felix Auger-Aliassime នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 4-6 7-5 និង 7-5 ចាយពេលអស់ជាង៣ម៉ោង។

នេះជាការឈ្នះពានរង្វាន់ Madrid Open ជាលើកដំបូង និងជាការឈ្នះពានកម្រិត ATP Tour Masters 1000 ជាលើកទី២ របស់កីឡាករ Andrey Rublev។ មុនចូលដល់ការប្រកួត កីឡាករវ័យ២៦ឆ្នាំ ត្រូវបានដឹងថា មានបញ្ហាសុខភាព ជំងឺគ្រុនក្តៅ ប៉ុន្តែរូបគេនៅតែជំនះភាពឈឺចាប់ តស៊ូក្នុងការប្រកួតរហូតទទួលបានជោគជ័យនៅពេលនេះ។

ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីប៉ូឡូញ Iga Świątek ជាអ្នកដណ្តើមបានតំណែងជើងឯកនៃ បន្ទាប់ពីបានយកឈ្នះកីឡាការិនី បែលឡារុស Aryna Sabalenka នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 7-5 4-6 និង 7-6។ វាជាការសងសឹកបានសម្រេចរបស់កីឡាការិនី Iga Świątek ក្រោយពីរូបនាងត្រូវបានកីឡាការិនី Aryna Sabalenka វាយយកឈ្នះ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះកាលពីឆ្នាំមុន។ នេះក៏ជាលើកដំបូងដែរ ដែលកីឡាការិនីកំពុងឈរលេខ១ពិភពលោករូបនេះ បានឈ្នះពានរង្វាន់ Madrid Open។

សូមបញ្ជាក់ថា កម្មវិធី Madrid Open ឆ្នាំ២០២៤ គឺជាការដំណើរការលើកទី ២២ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ៨លាន ៤សែនដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង