គ្រូបង្វឹក លោក Thomas Tuchel បើកផ្លូវក្នុងការចរចាសម្រាប់ការបន្តដឹកនាំ Bayern Munich នៅរដូវកាលក្រោយ។ បុរសសញ្ជាតិអាល្លឺម៉ង់ បាននិយាយថា រឿងអ្វីក៏អាចកើត ឡើងទាក់ទងនឹងអនាគត បើទោះជាលោកធ្លាប់បានយល់ព្រមជាមួយក្លិបថា នឹងចាកចេញក្រោយពេលចប់រដូវកាល។
កាលពីខែកុម្ភៈ Bayern Munich បានប្រកាសថា លោក Thomas Tuchel អាចនឹងចុះចេញ ពី តំណែងគ្រូបង្វឹក នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ Bayern Munich ក្នុងរដូវកាលនេះ បានឆ្លងកាត់ការប្រកួតយ៉ាងពិបាក ដោយបានរបូតពានរង្វាន់លីគកំពូលអាល្លឺម៉ង់ Bundesliga ទៅកាន់ Bayer Leverkusen។ Bayern Munich ខកខានឈ្នះពានលីគកំពូលលើកទី១២ របស់ខ្លួន ក្រោយពេលឈ្នះពាន ១១ឆ្នាំជាប់គ្នា ព្រោះតែក្រុមធ្លាក់ទម្រង់លេង។
ទោះយ៉ាងណា ទម្រង់លេងនៅក្នុងក្របខណ្ឌ UEFA Champions League ដែលឈានដល់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតស្មើ ២-២ ទល់នឹង Real Madrid ជំនួបជើងទី១ នាកីឡដ្ឋាន Allianz Arena កាលពីសប្តាហ៍មុន បានធ្វើអោយ Bayern Munich គិតគូរឡើងវិញ ពីអនាគតលោក Tuchel ។ ចំពោះឱកាសក្នុងការនៅបន្តដឹកនាំក្លិប លោក Thomas Tuchel បានអះអាងថាកិច្ចព្រមព្រៀងមិនអាចផ្លាស់ប្តូរបាន ប៉ុន្តែក៏បន្តរង់ចាំមើលតាមកាលៈទេសៈ។
លោក Thomas Tuchel បាននិយាយដូច្នេះ “វាគឺជាកិច្ចព្រមព្រៀង ដូច្នេះមិនអាចកែប្រែបានឡើយ។ យ៉ាងណា អ្នកអាចផ្លាស់ប្តូរកិច្ចព្រមព្រៀងគ្រប់យ៉ាង ដោយមានការយល់ព្រមទៅវិញទៅមក ពីព្រោះយើងមានកិច្ចសន្យាដូចគ្នា។ ដូច្នេះអ្វីៗអាចនឹងកើតឡើងទៅបាន ប៉ុន្តែចម្លើយអាស្រ័យទៅលើកិច្ចព្រមព្រៀងដែលយើងចង់បាន។”
បើតាមប្រភពពីក្លិប Bayern Munich អោយដឹងថា ប្រសិនបើលោក Thomas Tuchel ត្រូវចាកចេញ ពិតបា្រកដ នោះលោកមានគោលបំណងត្រឡប់ទៅកាន់ទឹកដីអង់គ្លេសវិញ ដោយ លោក អាច នឹងអាចជជែកចំពោះឱកាសការងារនៅ Manchester United៕