ខ្សែប្រយុទ្ធបារាំង Kylian Mbappe ថា ខ្លួនសុខចិត្តទទួលខុសគ្រប់យ៉ាង នៅពេល Paris Saint-Germain ចាញ់ Borussia Dortmund នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League។
Dortmund បានយកឈ្នះ Paris Saint-Germain ក្នុងការប្រកួតទាំង២ជើង សរុបលទ្ធផល ២-០។ ដូច្នេះ Dortmund បានកក់កៅអីទៅលេងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីឡុងដុង ប្រទេសអង់គ្លេសនៅខែក្រោយនេះ។
ទាក់ទិននឹងបរាជ័យនេះដែរ ខ្សែប្រយុទ្ធបារាំង Kylian Mbappe បានប្រាប់អ្នកសារព័ត៌មានថា មកពីខ្លួនមិនមានការសម្រេចចិត្តច្បាស់លាស់គ្រប់គ្រាន់ ពេលចំមុខទី Dortmund ទើបបណ្ដាលអោយខាង ក្លិបបារាំងចាញ់ និងធ្លាក់ពី ពានរង្វាន់ កំពូលអឺរ៉ុប។
Kylian Mbappe បាននិយាយថា៖ “ខ្ញុំព្យាយាមជួយក្រុមរបស់ខ្ញុំអស់ពីចិត្តហើយ តែខ្ញុំធ្វើមិនបានគ្រប់គ្រាន់។ ខ្ញុំគួរតែជាមនុស្សដែលត្រូវស៊ុតចូលអោយបានច្រើន និងត្រូវសម្រេចចិត្តច្បាស់លាស់ជាងនេះ។នៅពេលក្រុមឈ្នះ ខ្ញុំមានមុខមាត់ ហើយនៅពេលក្រុមចាញ់ ខ្ញុំត្រូវតែរ៉ាប់រ៉ងផងដែរ។ ខ្ញុំគួរតែស៊ុតអោយបានច្រើនជាងនេះ។”
បើតាមស្ថិតិក្នុងការប្រកួតរវាង PSG និង Dortmund ខាងក្លិបបារាំងស៊ុតឡើង ៣០ជើងឯណោះ តែត្រូវគោលដៅ ៥ដង ចំណែកឯ Dortmund ស៊ុត ៧ជើង ត្រូវគោលដៅ ៣ដង ហើយចូលទីបាន ១គ្រាប់។ នេះមានន័យថា Paris Saint-Germain មិនអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League សាជាថ្មី ដោយលើកចុងក្រោយដែល ពួកគេ ឡើងដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់កំពូលអឺរ៉ុប គឺនៅក្នុងឆ្នាំ២០២០ ដោយបានចាញ់ក្រុម Bayern Munich ១-០៕