×

លោក Carlo Ancelotti កោតសរសើរ ខ្សែប្រយុទ្ធ Joselu ក្រោយស៊ុតបញ្ចូលទី២គ្រាប់ជួយ Real Madrid ឈ្នះ Bayern Munich កាលពីយប់មិញ

គ្រូបង្វឹក លោក Carlo Ancelotti បានធ្វើការកោតសរសើរ ខ្សែប្រយុទ្ធ Joselu ក្រោយពីរូបគេបានស៊ុតបញ្ចូលទី២គ្រាប់ជួយ Real Madrid ឈ្នះ Bayern Munich ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League។

ជាក់ស្តែង ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Santiago Bernabéu កាលពីយប់មិញ ក្រុមម្ចាស់ផ្ទះ Real Madrid បានលេងគ្របសង្កត់លើ Bayern Munich តាមរយៈស្ថិតិនៃការគ្រប់គ្រងបាល់ ៥៧ ភាគរយ និងឱកាសស៊ុតបាល់ ១៩ដង ខណៈ ក្រុមភ្ញៀវមកពីអាល្លឺម៉ង់មានឱកាសស៊ុតតែ៨ដង ប៉ុន្តែការប្រកួតវគ្គទី១ មិនមានគ្រាប់បាល់អាចស៊ុតបញ្ចូលទីនោះទេ។

នៅវគ្គទី២ ក្រុម Bayern Munich បានរកគ្រាប់បាល់នាំមុខមុន ដោយ Alphonso Davies ស៊ុតបញ្ចូលទីនៅនាទី៦៨។ យ៉ាងណាមិញ ក្រុម Real Madrid បានធ្វើការវាយសម្រុកវិញ រហូតតាមបានស្មើដោយ Joselu នៅនាទី ៨៨។ នៅនាទី ៩០+១ Joselu ដដែល បានបន្ថែម១គ្រាប់ទៀត ផ្តល់ការនាំមុខឱ្យ Real Madrid វិញ ខណៈលទ្ធផល Real Madrid ២ Bayern Munich ១ បានបន្តដល់ចប់ការប្រកួត។

កាលពីជើងទី១ ក្រុមទាំង២ស្មើគ្នា ២-២ ប៉ុន្តែបូករួមលទ្ធផលជើងទី២ នេះទៀត ក្រុម Real Madrid បានយកឈ្នះ ក្រុម Bayern Munich ដោយលទ្ធផលសរុប ៤-៣។ ដូច្នេះ Real Madrid ជាក្រុមដែលត្រូវបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League។

ជាមួយនឹងលទ្ធផលដ៏ល្អនេះដែរ លោក Carlo Ancelotti បានបង្ហាញពីការពេញចិត្តចំពោះការប្រឹងប្រែងរបស់កូនក្រុម ជាពិសេស ខ្សែប្រយុទ្ធ Joselu ដែលរកគ្រាប់បាល់ជួយក្រុមទទួលបានជ័យជម្នះ ដោយថា កីឡាករអេស្ប៉ាញ វ័យ៣៤ឆ្នាំរូបនេះ ជាការឆ្លុះបញ្ចាំងយ៉ាងល្អពីទម្រង់លេងរបស់ Real Madrid។

គ្រូបង្វឹកជនជាតិអ៊ីតាលី បានឱ្យដឹងដូច្នេះថា៖ “គ្រប់គ្នាធ្វើបានល្អពិសេសគឺ Joselu ។ គេគឺជាការឆ្លុះបញ្ចាំងដ៏អស្ចារ្យមួយរបស់ក្រុម ហើយគេជាកីឡាករដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងរដូវកាលនេះ ទោះបីជាមិនបានលេងច្រើននាទីក៏ដោយ។ គេគឺជាការឆ្លុះបញ្ចាំងដ៏ល្អឥតខ្ចោះនៃអ្វីដែល Real Madrid មានគឺការលេងដោយមានទំនុកចិត្ត។”

Real Madrid នឹងបន្តឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដោយត្រូវជួបជាមួយ Borussia Dortmund ដោយការប្រកួតរវាងក្រុមទាំង២នឹងធ្វើឡើងនាកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី១ ខែមិថុនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង