កាលពីយប់ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ទស្សនិកជនយ៉ាងច្រើនកុះករ បានចូលរួមទស្សនាការប្រកួតប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុន នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលក្រុមហ៊ុន CBS បានចូលរួមផ្សព្វផ្សាយ ដើម្បីបង្ហាញការគាំទ្រដល់សកម្មភាពសប្បុរសធម៌ ក្នុងការជួយដល់កុមារកំព្រាកម្ពុជា និងរឹតចំណងមិត្តភាពរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។
ព្រឹត្តិការណ៍នេះ ត្រូវបានផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sport និង TV Tower ចាប់ពីម៉ោង ៦ ល្ងាចតទៅ ដោយមានការប្រកួតមិត្តភាព ៩ គូ ក្នុងនោះ ម្ចាស់ខ្សែក្រវាត់ ISKA កម្ពុជា ឈឿង ល្វៃ និង រិន ដេវីត ព្រមទាំងកីឡាករកម្ពុជាវាយសម្រុកមិនថយ ឡុង សុវណ្ណឌឿន និង ពេញ វ៉ាន់ថង ដែលសុទ្ធតែទទួលបានជ័យជម្នះក្នុងការប្រកួត ពិសេសទាំងកីឡាករកម្ពុជា ទាំងកីឡាករជប៉ុនដែលមកប្រកួតដោយមិនយកតម្លៃខ្លួន គឺសុទ្ធតែជោគជ័យក្នុងការជួយដល់កុមារកំព្រាកម្ពុជា ទោះលទ្ធផលទៅជាយ៉ាងណាក៏ដោយ។
ក្រុមហ៊ុន CBS សហការជាមួយក្រុមហ៊ុន LDST បានរៀបចំព្រឹត្តិការណ៍ប្រដាល់ឃីកបុកស៊ីង សប្បុរសធម៌កម្ពុជា-ជប៉ុននេះឡើងជាលើកដំបូងនៅប្រទេសកម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុននេះ ឯកឧត្តម តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានសម្ដែងនូវក្ដីរីករាយចំពោះការរៀបចំឱ្យមានការប្រកួតនេះឡើង ខណៈបច្ចុប្បន្ននេះ ទាំងវិស័យគុនខ្មែរ និងវិស័យឃីកបុកស៊ីង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង។
លោក David Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS បានសម្ដែងនូវការអរគុណចំពោះប្រជាជនកម្ពុជា ដែលបានរួមគ្នាចូលរួមចំណែកជួយដល់ការងារមនុស្សធម៌ ដូចជាមណ្ឌលកម្ពុជាកំព្រានៅកម្ពុជា។
ក្នុងព្រឹត្តិការណ៍ប្រដាល់សប្បុរសធម៌កម្ពុជា-ជប៉ុនដើម្បីជួយដល់កុមារកំព្រាកម្ពុជានេះ ទស្សនិកជនដែលអញ្ជើញទៅទស្សនាផ្ទាល់ និងទស្សនាតាមរយៈអេក្រង់ស្មាតហ្វូន ឬឧបករណ៍ផ្សេងៗបានបង្ហាញនូវភាពសប្បាយរីករាយ និងចូលរួមគាំទ្រនូវសកម្មភាពសប្បុរសធម៌សង្គម ដែលនេះជាអ្វីដែល CBS ចង់ឃើញ និងជាកត្តាជំរុញឱ្យបន្តចូលរួមជាដៃគូផ្សព្វផ្សាយនូវព្រឹត្តិការណ៍សប្បុរសធម៌បែបនេះ នៅពេលក្រោយៗទៀតផងដែរ។