×

កីឡាករអេស្ប៉ាញ Jorge Martin ឈ្នះការប្រណាំងម៉ូតូ GP កម្មវិធី French Motorcycle Grand Prix

កីឡាករអេស្ប៉ាញ Jorge Martin បានទទួលជ័យជម្នះនៅក្នុងការប្រណាំងម៉ូតូ GP កម្មវិធី French Motorcycle Grand Prix ដែលធ្វើឡើងនា ទីក្រុង Le Mans ប្រទេសបារាំង។

ជាក់ស្តែង ក្នុងការជិះចំនួន២៧ជុំទីលាន ដែលមានឈ្មោះថា Bugatti Circuit មានចម្ងាយផ្លូវប្រមាណ ១១២,៩៩៥ គីឡូម៉ែត្រ កីឡាករ Jorge Martin ដែលកាន់ចង្កូតអោយក្រុម Ducati បានចាយពេលវេលាអស់ ៤១នាទី និង ២៣វិនាទី ចុច៧០៩ ក្នុងការបញ្ចប់ទីព្រ័ត្រ។ កីឡាករ Marc Márquez ជនជាតិអេស្ប៉ាញ និង មកពីក្រុម Ducati ដូចគ្នា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាង ០វិនាទី ចុច ៤៤៦ ហើយកីឡាករអ៊ីតាលី Francesco Bagnaia មកពីក្រុម Ducati ដែរ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាង ០វិនាទីចុច៥៨៥។

ជ័យជម្នះនេះដែរ បានធ្វើឱ្យកីឡាករ Jorge Martin បន្តឈរនៅកំពូលតារាងពិន្ទុសរុប មាន ១០៤ពិន្ទុ ខណៈ កីឡាករអ៊ីតាលី Enea Bastianini នៅលេខ២ មាន ៧៦ពិន្ទុ ហើយកីឡាករ Francesco Bagnaia នៅលេខ៣ មាន ៧៥ពិន្ទុ។

សម្រាប់ការប្រកួត Moto2 វិញ កីឡាករត្រូវជិះចំនួន តែ២២ជុំទីលាន ហើយជ័យជម្នះបានទៅលើកីឡាករអេស្ប៉ាញ Sergio García មកពីក្រុម MT Helmets ចាយពេលអស់ ៣៥នាទី ២០វិនាទី ចុច៧០៩។

ការប្រកួត Moto3 វិញ កីឡាករត្រូវជិះចំនួនតែ ២០ជុំទីលាន ហើយជ័យជម្នះបានទៅលើកីឡាករកូឡុំប៊ី David Alonso មកពីក្រុម CFMoto Aspar Team ប្រើពេលអស់ ៣៤នាទី ០វិនាទី ចុច០៥៨។

សូមបញ្ជាក់ថា កម្មវិធី French Motorcycle Grand Prix គឺជាដំណាក់កាលទី ៥ ក្នុងចំណោម២០នៃការប្រណាំងម៉ូតូពានរង្វាន់ MotoGP World Championship ប្រចាំរដូវកាល ២០២៤។ ការប្រកួតជាបន្តដំណាក់កាលទី៦ ជាកម្មវិធី Catalan Motorcycle Grand Prix ធ្វើឡើងនាទីក្រុង Barcelona ប្រទេសអេស្ប៉ាញ ថ្ងៃទី២៦ ខែឧសភា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង