មុនពេលការប្រកួតព្រឹត្តិការណ៍ UEFA Euro 2024 នៅប្រទេសអាល្លឺម៉ង់ លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បាននិយាយថាស្ថានភាពកុងត្រារបស់គាត់គឺមិនមែនជាបញ្ហាឡើយ ខណៈដែលគាត់សល់ត្រឹមតែ ៦ខែទៀតនឹងផុតកុងត្រាពីក្រុមជម្រើសជាតិអង់គ្លេស។
លោក Southgate ដែលបានដឹកនាំក្រុមរហស្សនាមតោកំណាច តាំងពីឆ្នាំ២០១៦ បានពិចារណាចាកចេញពីការងារ បន្ទាប់ពីចប់ព្រឹត្តិការណ៍ FIFA World Cup ដែលលោកបានដឹកនាំអង់គ្លេសដល់វគ្គ ៨ក្រុមចុងក្រោយ ដែលចាញ់ក្រុមបារាំងក្នុងប្រទេសកាតា។ ប៉ុន្តែលោកបន្តធ្វើជាគ្រូបង្វឹកដដែល។
Euro 2024 គឺជាព្រឹត្តិការណ៍ធំទី៤ របស់លោក Southgate ក្នុងនាមជាគ្រូរបស់ក្រុមជម្រើសជាតិអង់គ្លេស ខណៈគាត់ចង់ឈ្នះពានរង្វាន់នេះជាលើកដំបូង ក្រោយការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ១៩៦៦។
បុរសអាយុ ៥៣ ឆ្នាំ បាននិយាយថា អនាគតរបស់គាត់មិនមែនជាការរំខាននោះទេ។ លោក Southgate បានឱ្យដឹងថា៖ “សម្រាប់ខ្ញុំ វាមិនមែនជាបញ្ហាទេ ហើយក៏មិនធ្លាប់មានដែរ។
ខ្ញុំត្រូវតែជួយឱ្យអង់គ្លេសទទួលបានជោគជ័យ ហើយមានការងារគ្រប់គ្រាន់ដែលពាក់ព័ន្ធនឹងវា។ ខ្ញុំគិតថាគ្រប់គ្នារំពឹងថា ខ្ញុំគួរតែផ្តោតលើវា”។
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”