ក្រុម Meduza, តារាចម្រៀង Leony និងក្រុម OneRepublic បានរួមគ្នាចេញបទចម្រៀងផ្លូវការសម្រាប់ព្រឹត្តិការណ៍ UEFA Euro 2024 ដែលបទចម្រៀងនេះមានចំណងជើងថា FIRE ។
បទចម្រៀង FIRE នឹងបង្ហាញក្នុងការប្រគុំតន្ត្រី នាជំនួបវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Olympiapark Berlin ក្នុងក្រុង Berlin ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
បទចម្រៀងមួយនេះ បានចេញជាផ្លូវការនៅមុនពេលការប្រកួតកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA EURO ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
វិចិត្រករតន្ត្រី ៣ក្រុម ក្នុងនោះមានក្រុមតន្ត្រីអេឡិចត្រូនិកអ៊ីតាលី MEDUZA ក្រុម OneRepublic របស់អាមេរិក និងអ្នកនិពន្ធបទចម្រៀងអាល្លឺម៉ង់ Leony បានសហការគ្នា បង្កើតបទចម្រៀង FIRE នេះឡើង។
លោក Ryan Tedder សមាជិកក្រុម OneRepublic ជាអ្នកនិពន្ធ រួមជាមួយ MEDUZA ជាអ្នកបញ្ចូលនិងច្នៃភ្លេងដ៏ពេញនិយម និងរួមទាំងការបញ្ចូលចម្រៀងបែប Pop របស់តារាចម្រៀងអាល្លឺម៉ង់នាង Leony បានអះអាងថា បទចម្រៀងនេះបានតាក់តែងឡើងដោយបង្កប់ភាពក្លៀវក្លា និងស្មារតីនៃអ្នកគាំទ្របាល់ទាត់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ UEFA Euro 2024 នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយក្នុងនោះប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះ បានជ្រើសរើសយកកីឡដ្ឋាន ចំនួន១០ មកពីទីក្រុងចំនួន១០ផ្សេងគ្នា មកធ្វើជាទីតាំងដំណើរការការប្រកួតខាងមុខនេះ។
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”