
ខ្សែប្រយុទ្ធ Olivier Giroud បាននិយាយកាលពីពេលថ្មីៗនេះថា រូបគេនឹងចាកចេញពី AC Milan នៅចុងបញ្ចប់នៃការប្រកួតរដូវកាលនេះ ដើម្បីទៅចូលរួម ក្លិបបាល់ទាត់នៅក្របខណ្ឌ Major League Soccer នាសហរដ្ឋអាមេរិក។
កីឡាករអន្តរជាតិបារាំងបានមកដល់ទឹកដី San Siro កាលពីខែកក្កដា ឆ្នាំ ២០២១ ដោយផ្លាស់ចេញពីក្លិប Chelsea។ លេងអោយ AC Milan រយៈពេល៣រដូវកាលមកនេះ កីឡាករ វ័យ៣៧ឆ្នាំ បានបង្ហាញខ្លួន ១៣០ដង ស៊ុតបញ្ចូលទីបាន ៤៨គ្រាប់ និងបានរួមចំណែកជួយក្លិបឈ្នះពានរង្វាន់ Serie ១លើកផងដែរ នៅរដូវកាល ២០២១-២២។
កិច្ចសន្យារបស់ Olivier Giroud នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែរូបគេបានសម្រេចចិត្តមិនបន្តកិច្ចសន្យាថ្មីឡើយ។
មានការរាយការណ៍អោយដឹងថា Olivier Giroud អាចនឹងទៅចូលរួមក្លិប Los Angeles FC ដែលមានមិត្តរួមក្រុមជម្រើសជាតិបារាំង Hugo Lloris កំពុងប្រកបអាជីពនៅទីនោះ។
ជុំវិញការប្រកាសចាកចេញពីក្លិប AC Milan នេះដែរ Olivier Giroud បានអោយដឹងតាមរយៈបណ្តាញសង្គមថា “ខ្ញុំពិតជាមានមោទនភាព ចំពោះអ្វីដែលខ្ញុំសម្រេចបានជាមួយក្លិបនាពេលកន្លងមក។ យ៉ាងណា ពេលវេលារបស់ខ្ញុំជាមួយ AC Milan ត្រូវបញ្ចប់ហើយ ប៉ុន្តែក្លិប និងអ្នកគាំទ្រនឹងនៅតែស្ថិតក្នុងបេះដូងរបស់ខ្ញុំជានិច្ច។”
អតីតសមាជិក Arsenal រូបនេះ នឹងបង្ហាញខ្លួន ២ប្រកួតចុងក្រោយអោយ AC Milan នៅក្នុងក្របខណ្ឌ Serie A គឺការប្រកួតទល់នឹង Torino នៅថ្ងៃទី ១៨ ខែឧសភា និងការប្រកួតទល់នឹង Salernitana នៅថ្ងៃទី ២៦ ខែឧសភា ខាងមុខ៕