តាមច្បាប់ថ្មីរបស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA អាជ្ញាកណ្តាលនៅព្រឹត្តិការណ៍ UEFA Euro 2024 នឹងពន្យល់ពីការសម្រេចចិត្តសំខាន់ៗដល់ ប្រធានក្រុម ប៉ុន្តែកីឡាករផ្សេងទៀតត្រូវរក្សាចម្ងាយរបស់ពួកគេពីអាជ្ញាកណ្ដាល បើមិនដូច្នោះទេ នឹងទទួលបានកាតលឿង។
UEFA ប្តេជ្ញាបង្កើតបរិយាកាសគោរពចំពោះអាជ្ញាកណ្ដាល ដោយជៀសវាងករណីដែលកីឡាករនាំគ្នាតវ៉ាជុំវិញអាជ្ញាកណ្ដាល។
បើយោងតាមលោក Roberto Rosetti នាយកគ្រប់គ្រងរបស់ UEFA បានពន្យល់ថា៖ “ការពន្យល់ពីការសម្រេចចិត្តទៅកាន់កីឡាកររហូតដល់ ២២នាក់ ដែលប្រមូលផ្តុំ គឺមិនអាចទៅរួចទេសម្រាប់អាជ្ញាកណ្តាល”។
លោកបន្តថា៖ “វាអាចបង្កឱ្យមានទំនាស់ក្នុងទំនាក់ទំនង ដែលប្រែក្លាយការប្រកួតដ៏ស្រស់បំព្រងទៅជារឿងដ៏អាក្រក់យ៉ាងលឿន ដែលគ្រប់គ្នាយល់ស្របថាមិនល្អសម្រាប់រូបភាពក្នុងកីឡាបាល់ទាត់”។
Rosetti បានបន្ថែមទៀតថា កីឡាករផ្សេងទៀតដែលមិនអើពើនឹងដំបូន្មានរបស់ប្រធានក្រុមរបស់ពួកគេ ហើយបង្ហាញសញ្ញានៃការមិនគោរព ឬការមិនពេញចិត្តណាមួយ នឹងត្រូវផ្ដល់កាតលឿង។ ប្រសិនបើអ្នកចាំទី ជាប្រធានក្រុម កីឡាករម្នាក់នឹងត្រូវបានតែងតាំងដើម្បីបំពេញតួនាទីនេះជំនួសវិញ ប្រសិនបើឧប្បត្តិហេតុកើតឡើងលើទីលាន។
ការផ្លាស់ប្តូររបស់ UEFA ក្នុងការធ្វើឱ្យប្រសើរឡើងនូវឥរិយាបទរបស់កីឡាករ ធ្វើឡើងបន្ទាប់ពីមានការណែនាំដោយក្រុមប្រឹក្សាភិបាលនៃសមាគមបាល់ទាត់អន្តរជាតិ ដើម្បីបង្កើតតំបន់សម្រាប់តែប្រធានក្រុមជុំវិញអាជ្ញាកណ្តាល។ គំនិតផ្តួចផ្តើមរបស់ UEFA មិនមែនជាផ្នែកនៃការសាកល្បងនោះទេ។ វាបើកចំហរសម្រាប់តែការប្រកួតក្នុងស្រុកនៅលីគកម្រិតទី៣ ឬទាបជាងនេះ។
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”