×

អតីតកំពូលអ្នកប្រដាល់សកល Mike Tyson ថា នៅលើសង្វៀនមិត្តភាពជាមួយ Jake Paul ទុកមួយឡែកសិន

អតីតកំពូលអ្នកប្រដាល់សកល លោក Mike Tyson កំពុងតែត្រៀមខ្លួនវិលត្រឡប់ទៅសង្វៀនលើកដំបូងចាប់តាំងពីឆ្នាំ ២០០៥ ដោយត្រូវតទល់ជាមួយ តារា YouTube ប្រែក្លាយជាអ្នកប្រដាល់ កីឡាករ Jake Paul ក្នុងការប្រកួត នៅថ្ងៃទី២០ ខែកក្កដា។ លោក Tyson បាននិយាយថា ទោះរវាងលោកជាមួយ Jake Paul ប្រៀបបានដូចមិត្តភក្តិ ប៉ុន្តែលើសង្វៀន មិត្តភាពទុកនៅមួយឡែកសិន។

បុរសវ័យ ៥៧ឆ្នាំ អំឡុងសន្និសីទកាសែតផ្សព្វផ្សាយពីការប្រកួតទល់នឹងកីឡាករវ័យ ២៧ឆ្នាំ Jake Paul នាទីក្រុង New York ថា ខ្លួនចង់បង្ហាញទៅកាន់ពិភពលោកថា លោកនៅតែជាកីឡាករប្រដាល់ដ៏អស្ចារ្យ។

លោក Mike Tyson បាននិយាយបែបនេះថា៖ “ខ្ញុំពិតជាចូលចិត្ត Paul តែនៅពេលរូបគេស្ថិតនៅក្នុងសង្វៀនប្រកួតនោះ គេត្រូវតែវាយ។ ព្រោះថាវានឹងត្រូវតែកើតឡើងបែបនោះ។”

ជំនួបប្រកួតរវាង Mike Tyson ទល់នឹង Jake Paul នឹងធ្វើឡើងនៅក្នុងទីក្រុង Arlington រដ្ឋ Texas ។ ការប្រកួតត្រូវធ្វើឡើងដោយមាន ៨ទឹក ដោយក្នុងមួយទឹកមានរយៈពេលត្រឹមតែ ២នាទី ប៉ុណ្ណោះ ហើយលទ្ធផលនៃការប្រកួតរបស់អ្នកទាំងពីរ ក៏នឹងត្រូវកត់ត្រាចូលកំណត់ត្រាប្រដាល់អាជីពផងដែរ។

សម្រាប់ Jake Paul វ័យ ២៧ឆ្នាំ ដែលជាតារា YouTube ប្រែក្លាយជាអ្នកប្រដាល់ រូបគេបានឆ្លងកាត់ការប្រកួត ១០លើក ដោយក្នុងនោះបានផ្តួលគូប្រកួតចំនួន ៦លើក ។ Paul បានឈប់ប្រកួតប្រដាល់ កាលពីខែកុម្ភៈ ឆ្នាំ ២០២៣ នៅពេលដែលរូបគេបានចាញ់ការប្រកួតក្រោមថ្វីដៃកីឡាករ Tommy Fury ដែលជាប្អូនប្រុសរបស់អ្នកប្រដាល់ម្ចាស់ខ្សែក្រវ៉ាតទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង