ពានរង្វាន់ Euro បានធ្វើដំណើរទេសចរណ៍របស់ខ្លួនមកដល់កីឡដ្ឋាន Munich Allianz Arena ដោយការមកដល់របស់ពានរង្វាន់នេះ ត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីតំបន់ Bavarian លោក Markus Soeder ឯកអគ្គរដ្ឋទូត Euro លោក Felix Brych និងតុក្កតា Mascot នៅ Euro 2024 ដែលមានឈ្មោះថា Albaert។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ពានរង្វាន់ Euro បានធ្វើដំណើរឆ្លងកាត់ទីក្រុងទាំងដប់របស់ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើមនាពេលឆាប់ៗ។
ក្រុមអាល្លឺម៉ង់ដែលជាម្ចាស់ផ្ទះ នឹងធ្វើការប្រកួតបើកឆាកមុនគេក្នុងពូល A ដោយត្រូវប៉ះក្រុមស្កុតឡែន នាកីឡដ្ឋាន Allianz Arena របស់ក្លិប Bayern Munich នាទីក្រុង Munich នេះ នៅថ្ងៃទី១៤ ខែមិថុនា។
សម្រាប់ការមកដល់របស់ពានរង្វាន់ Euro លោក Markus Soeder បាននិយាយថា៖ “ខ្ញុំមានទំនុកចិត្តលើក្រុមអាល្លឺម៉ង់របស់យើងសម្រាប់ការប្រកួតជើងឯកអឺរ៉ុប។ ប្រសិនបើអ្នកក្រឡេកមើលគុណភាពវិញ ក្រុមរបស់យើងជាក្រុមជម្រើសជាតិលំដាប់អន្តរជាតិ។ យ៉ាងណា គ្រប់ក្រុមមានឱកាសដូចៗគ្នា ហើយខ្ញុំគ្រាន់តែជូនពរឱ្យពួកគេទទួលជោគជ័យ។”
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ UEFA Euro 2024 ដែលជាការដំណើរការជាលើកទី១៧ នៅក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមដំណើរការ ចាប់ពីថ្ងៃទី ១៤ ខែមិថុនា និងបញ្ចប់ទៅវិញនៅថ្ងៃទី ១៤ ខែកក្កដា ខាងមុខ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញអ្នកគាំទ្រ ២,៧ លាននាក់ទៅកាន់កីឡដ្ឋាន និងរហូតដល់ ១២ លាននាក់នៅក្នុងព្រឹត្តិការណ៍ទស្សនាជាសាធារណៈ៕
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”