×

UEFA Euro 2024 រក្សាគោលការណ៍ឱ្យក្រុមនីមួយៗមានកីឡាករ២៦នាក់

សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA សម្រេចឱ្យក្រុមជម្រើសជាតិនីមួយៗមានកីឡាករ២៦រូបដដែល សម្រាប់ព្រឹត្តិការណ៍ Euro 2024 ដូចកាលពី Euro 2020 ដែរ។ ព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប មុនឆ្នាំ២០២០ នៅពេលមិនទាន់មានជំងឺកូវីដ-១៩ ក្រុមនីមួយៗមានសមាសភាពកីឡាករត្រឹម២៣នាក់ប៉ុណ្ណោះ។

នៅ UEFA Euro ឆ្នាំ២០២០ ដែលត្រូវបានពន្យារពេលទៅធ្វើនៅឆ្នាំ២០២១ នោះ ក្រុមនីមួយៗត្រូវបានអនុញ្ញាតឱ្យមានកីឡាករ ២៦នាក់ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប៉ុន្តែ UEFA គ្រោងប្តូរត្រឡប់ទៅ ២៣នាក់វិញ សម្រាប់ Euro 2024។

យ៉ាងណាមិញ ក្រោយពីមានការបោះឆ្នោតគាំទ្រពីគណៈកម្មាធិការប្រតិបត្តិនៃស្ថាប័នរបស់ UEFA ក្រុមទាំង២៤ ដែលទទួលបានកៅអីចូលរួមការប្រកួត UEFA Euro 2024 នៅតែអាចបញ្ចូលកីឡាករ២៦រូប ដដែល។ ក្រុមនីមួយៗ ត្រូវបញ្ជូនឈ្មោះយ៉ាងហោច ២៣រូប ទៅកាន់ UEFA នៅត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

ដោយឡែក គិតត្រឹមពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិហុងគ្រី ជាក្រុមដំបូងគេដែលបានប្រកាសសមាជិកក្រុមកីឡាករទាំង២៦រូប ទៅប្រជែងជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបដែលមានប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ ខណៈការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា។

ហុងគ្រី ដែលមានលោក Marco Rossi ជាគ្រូបង្វឹក ស្ថិតនៅចំណាត់ថ្នាក់ទី២៦ពិភពលោក ក្នុងតារាង FIFA Ranking។ ក្រុមដែលមានខ្សែបម្រើ Dominik Szoboszlai របស់ Liverpool ជាប្រធានក្រុម បានបង្ហាញខ្លួននៅ Euro 2020 តែធ្លាក់ត្រឹមវគ្គចែកចែកពូល។ សម្រាប់ UEFA Euro 2024 នេះ ហុងគ្រី ស្ថិតនៅពូល A ជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់ ស្កុតឡែន និងស្វីស៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង