ខ្សែប្រយុទ្ធ Olivier Giroud បានសម្រេចផ្ទេរទៅកាន់ក្លិប Los Angeles FC នៃលីគកំពូលអាមេរិក បន្ទាប់ពីផុតកិច្ចសន្យាជាមួយ AC Milan ក្រោយរួមរស់រយៈពេល ៣ឆ្នាំ។ ម្ចាស់ពាន World Cup 2018 នឹងចូលរួមជាមួយ Los Angeles FC នៅពាក់កណ្តាលខែមិថុនា ឆ្នាំ ២០២៤ រហូតដល់ខែធ្នូ ឆ្នាំ ២០២៥។
កីឡាករបារាំង នឹងទៅចូលរួមជាមួយអតីតប្រធានក្រុមជម្រើសជាតិបារាំង អ្នកចាំទី Hugo Lloris ដែលបានចូលរួម Los Angeles FC កាលពីដើមរដូវកាល ២០២៤។ មែនទែនទៅ ក្លិប Los Angeles FC មានបំណងចង់បាន Olivier Giroud តាំងពីរដូវកាលមុនមកម្ល៉េះ ប៉ុន្តែពួកគេ បែរជាសម្រេចចិត្តរង់ចាំរហូតដល់គេផុតកិច្ចសន្យាជាមួយ AC Milan ទៅវិញ។
Giroud មានកុងត្រារយៈពេល ១រដូវកាល ដោយទទួលបានប្រាក់ថ្លៃពលកម្មចំនួន ៣លានអឺរ៉ូ។ កីឡាកររកបានគ្រាប់បាល់ច្រើនជាងគេប្រចាំក្រុមជម្រើសជាតិបារាំងរូបនេះបាន សម្រេចចិត្តផ្លាស់មកកាន់ Los Angeles FC ក្រោយជួយ AC Milan ឈ្នះពាន Serie A កាលពីឆ្នាំ ២០២២។
រដូវកាល ២០២៣-២៤ Giroud បានជួយរកគ្រាប់បាល់ ១៣គ្រាប់ ជាមួយការបញ្ជូនបាល់ ៨លើក ក្នុងការបង្ហាញខ្លួន ៣០លើកនៅក្របខណ្ឌ Serie A។ សម្រាប់ការផ្លាស់ទៅកាន់ក្លិប Los Angeles FC កីឡាករវ័យ៣៧ឆ្នាំ អះអាងថា រូបគេរីករាយចំពោះឱកាសបន្តនៅក្នុងលីគ MLS។
Giroud បាននិយាយបែបនេះមុនការប្រកួតចំនួន ២លើក ដែលនៅសល់ក្នុងក្របខណ្ឌ Serie A ថា៖ “អាជីពរបស់ខ្ញុំនឹងបន្តនៅក្នុងលីគ MLS។ ខ្ញុំពិតជាមានមោទកភាពចំពោះរឿងគ្រប់យ៉ាង ខ្ញុំបានធ្វើការងាររួចរាល់នៅ AC Milan រយៈពេល ៣រដូវកាល។ រឿងរ៉ាវជាមួយ Milan បានបញ្ចប់ឆ្នាំនេះ។ ប៉ុន្តែ Milan ក៏នឹងស្ថិតនៅក្នុងបេះដូងខ្ញុំជានិច្ច។”
Olivier Giroud នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោយពេលដែលព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់បញ្ចប់៕