×

គ្រូបារាំងកោះហៅខ្សែបម្រើ N’Golo Kante ចូលក្រុមជម្រើសជាតិវិញ

គ្រូបង្វឹក លោក Didier Deschamps កោះហៅខ្សែបម្រើ N’Golo Kante ចូលក្រុមជម្រើសជាតិបារាំងវិញ ដើម្បីជួយក្រុមប្រជែងពានរង្វាន់អឺរ៉ុប UEFA Euro ឆ្នាំ២០២៤។

Kante ដែលរួមចំណែកជួយបារាំងឈ្នះ FIFA World Cup ឆ្នាំ២០១៨ ស្ថិតក្នុងចំណោម កីឡាករ ២៥នាក់របស់លោក Deschamps ទៅកាន់ប្រទេសអាល្លឺម៉ង់នៅខែក្រោយ។

កីឡាករ វ័យ ៣៣ឆ្នាំ ដែលសព្វថ្ងៃប្រកបអាជីពនៅក្លិប Al-Ittihad នៃលីគកំពូលអារ៉ាប៊ីសាអូឌីតបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមមាន់គកលើកពានបាល់ទាត់ពិភពលោកជាលើកទី២ នៅប្រទេសរុស្ស៊ី ប៉ុន្តែបានខកខាននៅកាតា ឆ្នាំ២០២២ ដោយសាររបួស។

គ្រូបង្វឹកលោក Deschamps នៅតែជឿជាក់លើសមត្ថភាព និងបទពិសោធន៍របស់ Kante ដោយអះអាងថាអតីតកីឡាក Chelsea នឹងអាចជួយបារាំងប្រជែងជើងឯកអឺរ៉ុប នៅអាល្លឺម៉ង់។

លោក Deschamps បាននិយាយអោយដឹងថា៖ “Kante បានលេងពេញមួយរដូវកាលនៅ Al-Ittihad ទោះបីជាមិននៅក្នុងលីកអឺរ៉ុបក៏ដោយ។ គេវិលទៅរកភាពរឹងមាំវិញហើយ។ ជាមួយនឹងបទពិសោធន៍របស់គាត់ ខ្ញុំជឿជាក់ថាក្រុមបារាំងនឹងកាន់តែរឹងមាំ នៅពេលមានវត្តមាន Kante។”

ក្រៅពី Kante ហើយខ្សែប្រយុទ្ធចាស់វស្សា Olivier Giroud ខ្សែបម្រើ Antoine Griezmann ជាដើម ក៏ស្ថិតក្នុងតម្រូវការរបស់លោក Deschamps ផងដែរ ក្នុងចំណោមកីឡាករទាំង២៥រូបទៅកាន់ប្រទេសអាល្លឺម៉ង់។ Giroud វ័យ៣៧ឆ្នាំ និង Griezmann វ័យ៣៣ឆ្នាំ ក៏ជាកីឡាសំខាន់ក្នុងការជួយបារាំងលើកពាន World Cup 2018 និងឈានដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២២ផងដែរ៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង