×

ក្លិប Bayern Munich និងគ្រូបង្វឹកលោក Thomas Tuchel កំពុងចរចាគ្នា រឿងបន្តកុងត្រាថ្មី

ក្លិប Bayern Munich និងគ្រូបង្វឹកលោក Thomas Tuchel កំពុងចរចាគ្នា រឿងបន្តកុងត្រាថ្មី ខណៈភាគីទាំង២ ហាក់ចង់ផ្លាស់ប្តូរការសម្រេចចិត្ត ហើយខិតកាន់តែជិតរឿងកុងត្រាថ្មី។

របាយការណ៍ចុងក្រោយមួយចំនួនបានអោយដឹងថា Bayern Munich កំពុងចរចាកុងត្រាថ្មីជាមួយលោក Tuchel បើទោះជាភាគីទាំងពីរ បានប្រកាសជាសាធារណៈជាច្រើនដងហើយ ថានឹងមិនចរចាគ្នាទៀតទេ។

កាលពីខែកុម្ភៈ Bayern Munich និង លោក Tuchel បានសម្រេចចែកផ្លូវគ្នា នាពេលចប់រដូវកាល ២០២៣-២៤ បើទោះជាកុងត្រារបស់ Tuchel មានសុពលភាពរហូតដល់ពាក់កណ្ដាលឆ្នាំ ២០២៥ ក្តី។

ទោះជាយ៉ាងណា តាំងពីប្រកាសចែកផ្លូវមក Bayern Munich បានកើនទម្រង់លេងវិញ។ តួយ៉ាងក្លិបបានតស៊ូឡើងរហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ហើយបើទោះធ្លាក់ត្រឹមវគ្គ ៤ក្រុមចុងក្រោយ ក្លិបបានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងពេលលេងជាមួយ Real Madrid។

មួយវិញទៀត តាំងពីសេចក្ដីប្រកាសខែកុម្ភៈមក Bayern Munich បានព្យាយាមក្នុងការទាក់ទងគ្រូបង្វឹកល្បីៗមួយចំនួនដូចជា លោក Julian Nagelsmann លោក Xabi Alonso និងលោក Ralf Rangnick។ យ៉ាងណា ពួកគេសុទ្ធតែបានបដិសេធ Bayern Munich។ នេះអាចជាកត្តាមួយដែលធ្វើអោយ Bayern Munich ប្ដូរជំហរជាមួយលោក Tuchel។

លោក Thomas Tuchel បានមកដឹកនាំ Bayern Munich នៅខែមីនា ឆ្នាំ ២០២៣។ គិតមកទល់ពេលនេះ លោកដឹកនាំបាន ៦០ ប្រកួត ដោយឈ្នះ ៣៧ ស្មើ ៨ និងចាញ់ ១៥ ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង