គ្រូបង្វឹក Bayer Leverkusen លោក Xabi Alonso បាននិយាយថា លោកមានភាពរីករាយបំផុតដែលក្រុមរបស់លោក បានចារប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន បន្ទាប់ពីឈ្នះពាន Bundesliga ដោយមិនស្គាល់ចាញ់ពេញមួយរដូវកាល។
ជាការពិត Bayer Leverkusen បានក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបានឈ្នះពាន Bundesliga ដោយមិនស្គាល់ចាញ់នៅ រដូវកាល ២០២៣-២៤ ដែលកំណត់ត្រានេះពួកគេធ្វើបានក្រោយយកឈ្នះ FC Augsburg នៅក្នុងការប្រកួតបញ្ចប់រដូវកាល ដោយលទ្ធផល ២-១។ Victor Boniface និង Robert Andrich បានស៊ុតបាល់បញ្ចូលទីម្នាក់មួយគ្រាប់ ដែលនាំឱ្យពួកគេឈ្នះដល់ទៅ២៨ប្រកួត និងស្មើ៦ប្រកួត ដោយរកបាន៩០ពិន្ទុ។
បុរសវ័យ៤២ឆ្នាំ បានអះអាងថា វាជារឿងដែលមិនអាចបំភ្លេចបាន ចំពោះការសម្រេច ជោគជ័យដ៏អស្ចារ្យរបស់ក្លិបនាក្របខណ្ឌ Budesliga ដែលចាប់កំណើតតាំងពីឆ្នាំ១៩៦៣មក។
អតីតខ្សែបម្រើ Real Madrid និង Liverpool រូបនេះ ខកចិត្តបន្តិចដែលមិនអាចនាំក្រុមទៅបំបែកកំណត់ត្រារកបានលើសពី៩១ពិន្ទុក្នុងមួយរដូវកាល ប៉ុន្តែការរក្សាបានលទ្ធផលមិនស្គាល់ចាញ់ គឺជាជោគជ័យដ៏ធំធេង មិនមែនតែនៅអាល្លឺម៉ង់ គឺនៅតំបន់អឺរ៉ុបទាំងមូល។
លោក Xabi Alonso បានថ្លែងឱ្យដឹងបែបនេះថា៖ “ក្រុមរបស់យើងបានចារកំណត់ត្រាខ្លួនឯងក្នុងប្រវត្តិសាស្ត្រ Bundesliga។ ២០ឆ្នាំខាងមុខទៀត យើងរំលឹកត្រឡប់ក្រោយមកវិញ យើងក៏នៅតែអាចនិយាយបានថា អស្ចារ្យ យើងសម្រេចបានយ៉ាងអស្ចារ្យ។”
តាមពិតទៅ ក្នុងរដូវកាលនេះ Bayer Leverkusen មានកំណត់ត្រាមិនស្គាល់ចាញ់រហូតដល់៥១ប្រកួតក្នុងនោះ Bundesliga ៣៤ប្រកួត, Europa League ១២ប្រកួត និងពានអាល្លឺម៉ង់ DFB-Pokal ៥ប្រកួត។ លោក Alonso រំពឹងនាំក្រុមឈ្នះពាន៣ក្នុងមួយរដូវកាល ដោយក្រោយលើកពាន Bundesliga ពួកគេត្រូវបន្តប្រជែងពាន UEFA Europa League វគ្គផ្តាច់ព្រ័ត្រ ទល់នឹងក្រុមអ៊ីតាលី Atalanta នៅថ្ងៃទី ២២ខែឧសភា មុនបន្តទៅជួបក្រុមពីលីគលំដាប់ទី២អាល្លឺម៉ង់ Kaiserslautern នៅវគ្គផ្តាច់ព្រ័ត្រ ពាន DFB-Pokal នៅ ថ្ងៃទី ២៥ ខែឧសភា ខាងមុខ៕