×

ខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ជាអត្តពលិករកចំណូលច្រើនជាងគេលើពិភពលោក ៤លើកជាប់គ្នា

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈរលើកំពូលតារាងទស្សនាវដ្តីពាណិជ្ជកម្ម Forbes របស់សហរដ្ឋអាមេរិក សម្រាប់បញ្ជីអត្តពលិកដែលរកប្រាក់ចំណូលបានច្រើនបំផុតក្នុងឆ្នាំ ២០២៤ និងជាលើកទី៤ក្នុងអាជីពរបស់ខ្លួន។

ប្រភពពីសារព័ត៌មាន BBC និង Marca បានឱ្យដឹងថា Cristiano Ronaldo ក៏បានឈរនៅក្នុងបញ្ជីមួយនេះ កាលពីឆ្នាំមុនផងដែរ បន្ទាប់ពីផ្ទេរទៅចូលរួមជាមួយនឹងក្លិប Al Nassr នៅលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League ។ របាយការណ៍ចុងក្រោយពីទស្សនាវដ្ដី Forbes បានបង្ហាញថា កីឡាករព័រទុយហ្គាល់ វ័យ៣៩ឆ្នាំរូបនេះ រកចំណូលបានរហូតដល់ ២៦០លានដុល្លារ ពោលគឺច្រើនជាង ១៣៦លានដុល្លារ ដែលរកបានក្នុងរយៈពេល១២ខែកន្លងមក។

ដោយឡែក គូប្រជែងដ៏ធំរបស់ Ronaldo គឺកំពូលខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្លាក់មកចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយកីឡាករវាយកូនហ្គោល Jon Rahm ។ កីឡាករវាយកូនហ្គោលជនជាតិអេស្ប៉ាញរូបនេះ បានឡើងមកចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតព្រឹត្តិការណ៍ LIV Golf Tour ដែលផ្តល់មូលនិធិដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយកីឡាករវ័យ២៩រូបនេះ ត្រូវបានរាយការណ៍ថា រកចំណូលបាន ២១៨លានដុល្លារ។

ចំណែកឯ Lionel Messi ដែលកំពុងប្រកបអាជីពជាមួយក្លិប Inter Miami នៅលីគកំពូលអាមេរិក Major League Soccer រកបាន ១៣៥លានដុល្លារ។ តាមពីក្រោយដោយកំពូលកីឡាករបាល់បោះសហរដ្ឋអាមេរិក LeBron James ដែលឈរនៅចំណាត់ថ្នាក់លេខ ៤ រកបាន ១២៨.២លានដុល្លារ។ ចំណាត់ថ្នាក់លេខ ៥ បានលើកីឡាករ NBA កូនកាត់ក្រិក-នីហ្សេរីយ៉ា Giannis Antetokounmpo ដែលរកបាន ១១១លានដុល្លារ។

ចំពោះចំណាត់ថ្នាក់លេខ៦ បានទៅ ខ្សែប្រយុទ្ធបារាំង Kylian Mbappe រកបាន ១១០លានដុល្លារ ខណៈលេខ៧ គឺ ខ្សែប្រយុទ្ធប្រេស៊ីល Neymar រកបាន ១០៨លានដុល្លារ។ ខ្សែប្រយុទ្ធបារាំង Karim Benzema ឈរនៅចំណាត់ថ្នាក់លេខ៨ រកបាន ១០៦លានដុល្លារ។ ចំណាត់ថ្នាក់លេខ៩ បានទៅលើកីឡាករបាល់បោះអាមេរិក Stephen Curry រកបាន ១០២លានដុល្លារ និងចំណាត់ថ្នាក់លេខ១០ បានទៅលើកីឡាករបាល់ឱបអាមេរិក Lamar Jackson ដែលរកបាន ១០០.៥លានដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង