×

Cristiano Ronaldo នឹងលេងក្នុងព្រឹត្តិការណ៍ Euro នៅអាល្លឺម៉ង់ ក្រោយទទួលការកោះហៅពីក្រុមព័រទុយហ្គាល់

Cristiano Ronaldo នឹង​ត្រូវ​ចូល​រួម​លេងក្នុង​ព្រឹត្តិការណ៍អន្តរជាតិ​ធំ​ជាលើកទី​១១​របស់​គាត់ ​ក្រោយ​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​សម្រាប់ព្រឹត្តិការណ៍ UEFA​ Euro 2024។

ខ្សែប្រយុទ្ធរបស់ក្លិប Al-Nassr វ័យ ៣៩ ឆ្នាំគឺជាកីឡាករដែលលេងឱ្យក្រុមជម្រើសជាតិបានច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ ដោយបង្ហាញខ្លួន ២០៦លើកសម្រាប់ព័រទុយហ្គាល់ និងរកបាន ១២៨ គ្រាប់។

គ្រូបង្វឹករបស់ក្រុមព័រទុយហ្គាល់ លោក Roberto Martinez បានបញ្ចូល Ronaldo ជាកីឡាករខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមកីឡាករទាំង ៧នាក់ ក្នុងបញ្ជីបឋម ២៦ នាក់ សម្រាប់ការប្រកួតនៅខែក្រោយនៅប្រទេសអាល្លឺម៉ង់។

Martinez បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា Ronaldo បន្តផ្តល់ជូននូវគុណភាព ដែលលោកពេញចិត្តយ៉ាងខ្លាំង។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Euro ឆ្នាំ២០០៤ នៅពេលដែលព័រទុយហ្គាល់ឈានដល់វគ្គផ្តាច់ព្រ័ត្រនៅលើទឹកដីខ្លួនឯង ប៉ុន្តែចាញ់ក្រិក។

ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលបានជួយព័រទុយហ្គាល់ ឱ្យគ្រងជើងឯកព្រឹត្តិការណ៍ Euro 2016 និងពាន Nations League ក្នុងរដូវកាល ២០១៨-១៩ ។

មានកីឡាករ៩នាក់មកពីក្លិប Premier League នៅក្នុងក្រុមរបស់លោក Martinez ក្នុងនោះកីឡាកររបស់ Wolves មានអ្នកចាំទី Jose Sa, កីឡាករ Nelson Semedo និង Pedro Neto កីឡាករ Man Utd មាន​ Bruno Fernandes និង Diogo Dalot កីឡាកររបស់ Manchester City មាន Bernardo Silva និង Ruben Dias ព្រមទាំងកីឡាករ Joao Palhinha របស់ Fulham និង Diogo Jota របស់ Liverpool ។

លោក Martinez ក៏បានកោះហៅខ្សែការពារជើងចាស់ Pepe វ័យ ៤១ ឆ្នាំ រួមជាមួយមិត្តរួមក្រុម Porto វ័យ ២១ ឆ្នាំ Francisco Conceicao ផងដែរ។

ព័រទុយហ្គាល់ ប្រកួតជាមួយ សាធារណរដ្ឋឆេក មុនពេលប្រកួតជាមួយតួកគី និងហ្សកហ្ស៊ី នៅក្នុងពូល F ៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង