គ្រូបង្វឹក Atalanta លោក Gian Piero Gasperini បាននិយាយថា ការឈ្នះជើងឯក UEFA Europa League គឺជាការចងចាំដ៏មានតម្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។
ជាការពិត ក្រុមអ៊ីតាលី Atalanta បានក្លាយជាជើងឯក UEFA Europa League 2023-24 បន្ទាប់ពីយកឈ្នះក្រុមអាល្លឺម៉ង់ Bayer Leverkusen នៅក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៣-០។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Aviva ស្ថិតនាទីក្រុង Dublin ប្រទេសអៀរឡង់ កាលពីយប់មិញ ក្រុមទាំង២បានធ្វើការវាយសម្រុកដាក់គ្នា យ៉ាងសស្រាក់សស្រាំ ប៉ុន្តែក្រោយកែលបាល់បាន ១២ នាទីខ្សែបម្រើ Ademola Lookman បានស៊ុតបញ្ចូលទីបើកការនាំមុខមុនឱ្យ Atalanta។ នៅនាទី២៦ កីឡាករជនជាតិនីហ្សេរីយ៉ាដដែល បានស៊ុតបញ្ចូលទី១គ្រាប់ទៀត បង្កើនការនាំមុខឱ្យក្រុមមកពីអ៊ីតាលី ២-០ មុនចប់វគ្គទី១។
នៅក្នុងវគ្គទី២ ក្រុម Bayer Leverkusen ដែលទើបឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Xabi Alonso នោះ បានព្យាយាមធ្វើការ វាយលុកដាក់សម្ពាធទៅលើគូប្រជែង ដើម្បីស្វែងរកគ្រាប់បាល់មកវិញ ប៉ុន្តែមិនបានជោគជ័យ។ ផ្ទុយទៅវិញ ក្រុម Atalanta ដែលដឹកនាំដោយគ្រូបង្វឹក លោក Gian Piero Gasperini បានរក្សាការលេងយ៉ាងល្អ ហើយអាចរកបានគ្រាប់បាល់ទី៣ ស៊ុតដោយ Ademola Lookman ដដែល នៅនាទី ៧៥ ហើយលទ្ធផល ៣-០ បានរក្សាដល់ចប់ការប្រកួតតែម្តង។
ការស៊ុតបាន៣គ្រាប់នេះ បានធ្វើឱ្យ Ademola Lookman ក្លាយជាកីឡាករអាហ្រ្វិកដំបូងគេ ដែលអាចស៊ុត Hat-Trick ក្នុងពានរង្វាន់ធំដែលរៀបចំដោយ UEFA ។ ជោគជ័យនេះ ក៏ជាការបញ្ចប់កំណត់ត្រាមិនចាញ់របស់ Bayer Leverkusen ត្រឹម ៥១ប្រកួត។ វាក៏ជាពានរង្វាន់អឺរ៉ុប ទី១ ក្នុងប្រវត្តិសាស្ត្រ ១១៧ឆ្នាំ និងជាពានរង្វាន់ទី២របស់ Atalanta បន្ទាប់ពីឈ្នះពាន Coppa Italia កាលពីឆ្នាំ ១៩៦២-៦៣។ ជាមួយជោគជ័យនេះបានធ្វើឱ្យ លោក Gian Piero Gasperini មានភាពរីករាយយ៉ាងខ្លាំង និងថានេះជាការចងចាំដ៏មានតម្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។
គ្រូបង្វឹកវ័យ៦៦ឆ្នាំ បានថ្លែងដូច្នេះថា៖ “ យើងមានមោទកភាពណាស់ យើងបាននាំយកពានរង្វាន់អឺរ៉ុបទៅកាន់ទឹកដីអ៊ីតាលី ក្រោយពីខកខាន ២៥ឆ្នាំកន្លងមក។ ការឈ្នះពានរង្វាន់នេះ បានធ្វើឱ្យ Atalanta បង្កើតប្រវត្តិសាស្ត្រ មានតម្លៃបំផុត ដែលយើងនឹងមិនអាចបំភ្លេចបាន។”
វាក៏ជាឈ្នះពានរង្វាន់ជាលើកដំបូងបំផុតក្នុងអាជីពរបស់លោក Gian Piero Gasperini ក្រោយពីចាប់ផ្តើមកាន់ការងារជាគ្រូបង្វឹកក្នុងឆ្នាំ ១៩៩៤មក។ Atalanta ក្លាយជាជើងឯក Europa League នេះ ធ្វើឱ្យក្រុមពី Serie A ចំនួន៥ក្រុមបានកៅអី UEFA Champions League រដូវកាលក្រោយ និង២ក្រុមបានកៅអី Europa League និងមួយកៅអីបាន Europa Conference League៕