លោក Claudio Ranieri នឹងចាកចេញពីការងារជាគ្រូបង្វឹកក្លិប Cagliari ដោយកិច្ចព្រមព្រៀងទៅវិញទៅមក។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Serie A បាននិយាយកាលពីពេលថ្មីៗនេះ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រូបង្វឹកជនជាតិអ៊ីតាលីត្រៀមចូលនិវត្តន៍ពីបាល់ទាត់ ក្រោយចំណាយពេល៣៨ឆ្នាំនៅក្នុងអាជីពនេះ។
ការប្រកាស បានធ្វើឡើងបន្ទាប់ពីក្លិប Cagliari បានធានាកៅអីលេងមួយរដូវកាលទៀតនៅក្នុងក្របខណ្ឌកំពូលអ៊ីតាលី បន្ទាប់ពីឈ្នះការប្រកួតក្រៅនៅលើទឹកដីក្លិប Sassuolo កាលពីចុងសប្តាហ៍មុន។
សារព័ត៌មាន Sky Sports Italia បានរាយការណ៍ថា ក្លិប Cagliari នឹងក្លាយជាក្លិបចុងក្រោយរបស់ បុរសវ័យ ៧២ ឆ្នាំ ខណៈដែលលោកបានសម្រេចចិត្តចូលនិវត្តន៍ពីបាល់ទាត់។
លោក Ranieri ដែលធ្លាប់ដឹកនាំ Cagliari លើកដំបូងក្នុងឆ្នាំ ១៩៨៨ នៅសល់កុងត្រាមួយឆ្នាំទៀត បន្ទាប់ពីបានចូលរួមជាមួយក្លិបនេះជាលើកទី២ កាលឆ្នាំ២០២៣ ហើយបានជួយពួកគេឱ្យឡើងពីក្របខណ្ឌ Serie B មកកាន់ក្របខណ្ឌកំពូលអ៊ីតាលី Serie A វិញ។
លោក Ranieri នឹងដឹកនាំ Cagliari ជាលើកចុងក្រោយនៅថ្ងៃទី២៥ ខែឧសភា នៅពេលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Fiorentina ក្នុងការប្រកួតបិទបញ្ចប់រដូវកាល ២០២៣-២៤។
លោក Claudio Ranieri បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកក្នុងឆ្នាំ ១៩៨៦ នឹងបានដឹកនាំ ក្លិបធំៗជាច្រើន។ លោកធ្លាប់បានដឹកនាំ Juventus, AS Roma និង Inter Milan នាក្របខ័ណ្ឌ Serie A ហើយលោកក៏ត្រូវបានគេស្គាល់ថាជាគ្រូបង្វឹកដែលបានដឹកនាំ Leicester City មានភាពជោគជ័យគឺបានឈ្នះជើងឯក Premier League ក្នុងឆ្នាំ២០១៦។
លោក Ranieri ក៏ធ្លាប់បានដឹកនាំក្លិបផ្សេងទៀតដូចជា Chelsea, Fulham, Watford ក៏ដូចជា Valencia, Atletico Madrid នៅក្របខណ្ឌ LaLiga របស់អេស្ប៉ាញផងដែរ៕