កីឡាករលេខ១ពិភពលោក មកពីស៊ែប Novak Djokovic បានបន្តឡើងដល់វគ្គ៨នាក់ចុងក្រោយហើយនៃ ការប្រកួតវាយកូនបាល់កម្មវិធី Geneva Open 2024។
ជាក់ស្តែង កីឡាករដែលទើបឈានចូលវ័យ ៣៧ឆ្នាំ កាលពីម្សិលមិញនេះ បានអបអរថ្ងៃកំណើតរបស់ខ្លួន តាមរយៈការប្រកួតយកឈ្នះទៅលើកីឡាករអាល្លឺម៉ង់ Yannick Hanfmann នៅក្នុងការប្រកួតជុំទី២តាមរយៈលទ្ធផល 6-3 និង 6-3 ។
Novak Djokovic នឹងទៅរង់ចាំជួបអ្នកឈ្នះរវាងកីឡាករកាណាដា Denis Shapovalov និង កីឡាករ ហូរឡង់ Tallon Griekspoor។
រីឯកីឡាករន័រវែស Casper Ruud ក៏បានឡើងមកដល់វគ្គ៨នាក់ចុងក្រោយដែរ បន្ទាប់ពីយកឈ្នះកីឡាករអូទ្រីស Sebastian Ofner នៅក្នុងជុំទី២ ដោយលទ្ធផល 4-6 6-2 និង 6-2 ។ Casper Ruud នឹងឡើងមកជួបកីឡាករអាហ្សង់ទីន Sebastián Báez ដែលបានទម្លាក់កីឡាករអេស្ប៉ាញ Roberto Carballés Baena។
ការប្រកួត១គូទៀត គឺកីឡាករអាមេរិក Alex Michelsen បានយកឈ្នះលើមិត្តរួមជាតិកីឡាករ Taylor Fritz នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 6-4 4-6 និង 7-5 ដើម្បីឡើងមកកាន់វគ្គ៨នាក់ចុងក្រោយជួបកីឡាករឆេក Tomáš Macháč ដែលបានទម្លាក់កីឡាករអាមេរិក Nicolas Moreno de Alboran៕