ខ្សែបម្រើ Toni Kroos សញ្ជាតិអាល្លឺម៉ង់ វ័យ ៣៤ ឆ្នាំ នឹងចូលនិវត្តន៍បន្ទាប់ពីព្រឹត្តិការណ៍ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤។ នេះបើយោងតាមការប្រកាសរបស់ខ្សែបម្រើក្លិប Real Madrid កាលពីថ្ងៃអង្គារ ដោយបន្ថែមថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League នៅខែក្រោយ ជាមួយ Borussia Dortmund នឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្លិបអេស្ប៉ាញនេះផងដែរ។
Kroos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “អាជីពរបស់ខ្ញុំជាកីឡាករបាល់ទាត់ នឹងបញ្ចប់នៅរដូវក្តៅនេះបន្ទាប់ពីព្រឹត្តិការណ៍ Euro។ ដូចដែលខ្ញុំតែងតែនិយាយថា៖ Real Madrid គឺជាក្លិបចុងក្រោយរបស់ខ្ញុំ។
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដែលជាថ្ងៃខ្ញុំចូលរួមជាមួយក្លិប Real Madrid គឺជាថ្ងៃដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។ មិនត្រឹមតែជីវិតរបស់ខ្ញុំក្នុងនាមជាកីឡាករបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែជាពិសេសក្នុងនាមជាមនុស្សម្នាក់។
វាគឺជាការចាប់ផ្តើមនៃជំពូកថ្មីមួយនៅក្លិបដ៏ធំបំផុតនៅលើពិភពលោក។ បន្ទាប់ពីរយៈពេល ១០ ឆ្នាំមក ចុងបញ្ចប់នៃរដូវកាលនេះវានេះបានមកដល់ទីបញ្ចប់។ ខ្ញុំនឹងមិនភ្លេចទសវត្សរ៍ដ៏គួរឱ្យរំភើប និងជោគជ័យនេះឡើយ!”។
Kroos បានបង្ហាញខ្លួនចំនួន ៤៦៣ លើកសម្រាប់ក្លិប ចាប់តាំងពីចូលរួមនៅក្នុងឆ្នាំ ២០១៤ ហើយនឹងចាកចេញក្នុងនាមជាកីឡាករដែលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ ១២០ ឆ្នាំរបស់ Real ដោយឈ្នះពានរង្វាន់ច្រើនជាង ២០ ពាន រួមទាំងពានរង្វាន់អឺរ៉ុបចំនួន ៤ ពានផងដែរ។
បន្ថែមពីលើពានរង្វាន់ដែលបានឈ្នះជាមួយ Real ខ្សែបម្រើរូបនេះបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០១៤ ជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ និងជើងឯក UEFA Champions League ១លើកជាមួយក្រុមយក្សអាល្លឺម៉ង់ Bayern Munich ក្នុងឆ្នាំ២០១៣៕
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”