×

លោក Gareth Southgate ជឿជាក់ Harry Kane នឹងជួយអង់គ្លេសប្រជែង Euro 2024 ក្រោយសះស្បើយរបួស

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានជឿជាក់ប្រធានក្រុម Harry Kane នឹងអាចជួយក្រុមប្រជែងជើងឯក UEFA Euro 2024 នៅអាល្លឺម៉ង់ បន្ទាប់ពីសះស្បើយពីរបួសខ្នង។

Kane បានខកខានការប្រកួត ២លើកចុងក្រោយ ក្នុងក្របខណ្ឌ Bundesliga សម្រាប់ក្លិប Bayern Munich បន្ទាប់ពីមានបញ្ហារបួសខ្នង ដែលរូបគេបានជួបប្រទះតាំងពីមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champions League ដែលចាញ់ Real Madrid វគ្គ៤ក្រុមចុងក្រោយ។ ទោះយ៉ាងណា សម្រាប់បញ្ជីក្រុមកីឡាករជម្រើសជាតិអង់គ្លេស លោក Southgate នៅតែដាក់បញ្ចូលឈ្មោះកីឡាករវ័យ៣០ឆ្នាំដដែលទោះដឹងថារូបគេជួបបញ្ហារបួស។ លោក Southgate បានអះអាងថា Kane នឹងអាចលេងបានដោយពេញលេញ សម្រាប់ព្រឹត្តិការណ៍ Euro 2024។

ទាក់ទិននឹងរឿងនេះ បុរសវ័យ៥៣ឆ្នាំ ឱ្យដឹងថា៖ “Kane មកដល់ពេលនេះគឺរូបគេមានភាពច្បាស់លាស់ខ្លាំងណាស់។ រូបគេហាក់មានអារម្មណ៍ល្អធូរស្រាលពីរបួសហើយ។ បញ្ហារបួសខ្នង របស់គេអាចនឹងកើតឡើងគ្រប់ពេល ប៉ុន្តែវាមិនមែនជារឿងដែលយើងបារម្ភនោះឡើយនៅពេលនេះ រូបគេកំពុងមានភាពច្បាស់លាស់ដែលនឹងលេងជាមួយយើង។”

Harry Kane ចាប់តាំងពីផ្លាស់ទៅកាន់ Bayern Munich រូបគេបានបង្ហាញខ្លួន៤៥ប្រកួតរាល់គ្រប់កម្មវិធី ហើយក្នុងនោះរូបគេក៏រកបាន ៤៤គ្រាប់ ក្នុងរដូវកាលដំបូងផងដែរ។ Kane រកបានគ្រាប់បាល់ Hat-tricks ចំនួន ៤លើក ក្នុងលីគកំពូលអាល្លឺម៉ង់ រដូវកាលនេះ។ រកបានគ្រាប់បាល់ច្រើនក៏ដោយក្តី ប៉ុន្តែកីឡាករសញ្ជាតិអង់គ្លេស បន្តខកខានការឈ្នះពានរង្វាន់ជាមួយក្លិបថ្មី ព្រោះតែក្លិបបានរបូតពានទាំងអស់។ រដូវកាល ២០២៣-២៤ ប្រវត្តិសាស្ត្រអាក្រក់របស់ពួកគេតាំងពីឆ្នាំ ២០១២ ដែលក្លិបឈ្នះពានលីគកំពូល ១១លើកជាប់គ្នា។

សម្រាប់ ក្រុមជម្រើសជាតិអង់គ្លេស នឹងចាប់ផ្តើមការប្រកួតមិត្តភាព ២ប្រកួត ត្រៀមមុនពេលព្រឹត្តិការណ៍ Euro 2024 មកដល់ ដោយក្រុមត្រូវប្រជែងទល់នឹងក្រុមបូស្ន៊ី ក្នុងកីឡដ្ឋាន St. James’ Park ថ្ងៃទី៣ ខែមិថុនា មុនពេលជួបក្រុមអ៊ីស្លង់ នៅថ្ងៃទី៧ ខែមិថុនា ក្នុងកីឡដ្ឋាន Wembley។ អង់គ្លេស នៅព្រឹត្តិការណ៍ Euro 2024 ត្រូវបានចាប់ចូលក្នុងពូល C រួមមានក្រុមស៊ែប៊ី, ដាណឺម៉ាក និងស្លូវេនី៕

“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង