×

លោក Xavi នឹងជួបថ្នាក់ដឹកនាំក្លិប ជជែកពីអនាគតនៅ Barcelona

ប្រធានក្លិប Barcelona លោក Joan Laporta ជាមួយនឹងលោក Xavi Hernandez នឹងមានការជជែកគ្នាអំពីតំណែងគ្រូបង្វឹក សម្រាប់រដូវកាលក្រោយ នៅសប្តាហ៍ខាងមុខ ខណៈក្លិបកំពុងស្ថិតក្នុងភាពស្រពិចស្រពិលក្នុងរក្សាបុរសសញ្ជាតិអេស្ប៉ាញ ឬក៏ត្រូវបញ្ចប់តំណែង។

កិច្ចពិភាក្សារឿងអនាគតរបស់លោក Xavi នៅសប្តាហ៍ក្រោយ ក៏ត្រូវបានគេដឹងថានឹងមានវត្តមានរបស់លោក Deco អតីតកីឡាករ Barcelona ដែលសព្វថ្ងៃជាប្រធានផ្នែកកីឡាកររបស់ក្លិប ម្នាក់ផងដែរ។ ការជជែកនឹងត្រូវធ្វើឡើងក្រោយពេលក្លិប បញ្ចប់ការប្រកួតចុងក្រោយនៃជំនួបក្របខណ្ឌ La Liga ទល់នឹងក្រុម Sevilla ថ្ងៃទី២៦ ខែឧសភា។

ក្លិប Barcelona ការជជែកនឹងមានការសង្ខេបអំពីការប្រកួតកន្លងមករបស់ក្រុមទូទាំងរដូវកាល បូករួមទាំងភាពមិនជោគជ័យសម្រាប់ការឈ្នះពាន នៅក្នុងកិច្ចពិភាក្សាដែលទាក់ទងទៅនឹងអនាគតរបស់លោក Xavi ជាថ្មីម្តងទៀត។ កាលពីសប្តាហ៍មុន លោក Laporta ត្រូវបានគេផ្សាយថាបានពិចារណា ដោយយកចិត្តទុកដាក់ លើការបណ្តេញគ្រូបង្វឹកចេញ ប៉ុន្តែការសម្រេចចិត្តមិនត្រូវបានធ្វើឡើង។

យ៉ាងណា ប្រសិនបើលោក Xavi សម្រេចចិត្តចាកចេញពី Barcelona នោះក្លិបនឹងសម្លឹងមើលទាក់ទងគ្រូបង្វឹកមកពី Barca Atletic លោក Rafa Marquez និងលោក Hansi Flick រួមទាំងលោក Thomas Tuchel ជាបេក្ខភាព ក្នុងការមកជំនួសតំណែង។ លោក Thiago Motta និងអតីតគ្រូបង្វឹក Brighton លោក Roberto De Zerbi សុទ្ធតែមានទំនាក់ទំនងជាមួយនឹងតំណែងនៅ Barcelona។

កាលពីខែមករា លោក Xavi ធ្លាប់ប្រកាសចាកចេញពីតំណែងក្រោយចប់រដូវកាល ២០២៣-២៤ ក្រោយពេលក្រុមធ្វើមិនបានល្អសម្រាប់ការប្រកួតក្នុងលីគ ក៏ដូចជារបូតពានរង្វាន់ផ្សេងៗក្នុងប្រទេសអេស្ប៉ាញ។ នៅខែមេសា អតីតប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ ក៏បានជជែងជាមួយលោក Laporta ម្តងរួចមកហើយ នៅផ្ទះរបស់ប្រធានក្លិបស្ថិតក្នុងទីក្រុង Barcelona ដោយបានធ្វើឱ្យលោក Xavi ប្តូរចិត្តចង់បន្តដឹកនាំក្លិបនៅរដូវកាលក្រោយឡើង វិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង