×

ក្រោយឈ្នះពាន German Cup គ្រូ Bayer Leverkusen ថា នេះជារដូវកាលដ៏ចងចាំបំផុត

ក្រុម Bayer Leverkusen បានឈ្នះពានរង្វាន់ក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga និងពាន German Cup ជាពានរង្វាន់ចំនួន ២ ក្នុងមួយរដូវកាល និងលើកដំបូងប្រចាំប្រវត្តិសាស្ត្ររបស់ក្រុម។ សមិទ្ធផលល្អបែបនេះ បានធ្វើឱ្យគ្រូបង្វឹក លោក Xavi Alonso និយាយថា រដូវកាល ២០២៣-២៤ ប្រៀបបានជាក្តីសុបិនដ៏អស្ចារ្យ មិនងាយនឹងបំភ្លេចបាន។

ជាការពិត Bayer Leverkusen បានឈ្នះពានរង្វាន់បន្ថែមមួយទៀត គឺពាន German Cup ដែលជាពានទី២ប្រចាំរដូវកាល ក្រោយបានប្រកួតឈ្នះលើក្រុម Kaiserslautern មកពីលីគលំដាប់ទី២ ដោយលទ្ធផល ១-០។ ទោះបីជា Leverkusen ឈ្នះការប្រកួត ប៉ុន្តែវាហាក់មានភាពតឹងតែមួយ សម្រាប់ក្រុមម្ចាស់ពាន Bundesliga ក្នុងការយកឈ្នះទល់នឹងក្រុមមកពីលីគទី២ ខណៈខ្លួនមានកីឡាករត្រឹម១០នាក់ក្នុងទីលាន បន្ទាប់ពីកីឡាករម្នាក់ទទួលបានកាតក្រហម។ Leverkusen ទប់ទល់រហូតឈ្នះ ហើយ Granit Xhaka ជាអ្នកស៊ុតគ្រាប់ជ័យជំនះតាំងពីនាទី១៦។

ក្រោយបានលើកពានរង្វាន់២ក្នុងរដូវកាលនេះ លោក Alonso បាននិយាយដូច្នេះថា៖ “នៅចុងបញ្ចប់ ការឈ្នះដូច្នេះ ប្រៀបបានជាអ្វីដែលយើងបានបង្ហាញនូវភាពខ្លាំងរបស់យើង យើងបានប្រយុទ្ធសម្រាប់អ្នកគាំទ្រ និងសម្រាប់ក្លិប។ វាគឺជាភាគជោគជ័យដ៏ធំ ក្នុងការឈ្នះពាន ២ ក្នុងមួយរដូវកាល។ យើងនឹងចង់ចាំរឿងនេះ រហូតដល់អនាគត។”

គ្រូបង្វឹកវ័យ៤២ឆ្នាំបន្តថា៖ “រឿងសំខាន់បំផុត គឺជាភាពជឿជាក់ទៅលើក្រុម ពួកគេបានត្រៀមរួចរាល់សម្រាប់ជំនួបនេះ ជាមួយនឹងកីឡាករត្រឹមតែ ១០នាក់ ហើយខ្ញុំពិតជាមានមោទកភាពចំពោះរឿងនេះ។ ខ្ញុំត្រូវការពេលបន្ថែមសម្រាប់ទទួលយកអ្វីដែលបានកើតឡើង រដូវកាលនេះ។ វាប្រៀបបានជាក្តីស្រមៃ និងជាការអបអរ នៅថ្ងៃការប្រកួតចុងក្រោយបែបនេះពិតជាពិសេស។”

ក្នុងចំណោមការប្រកួត ៥៣លើក ពេញមួយរដូវកាល ក្រុម Bayer Leverkusen បរាជ័យត្រឹមតែ ១លើក ប៉ុណ្ណោះ ដោយពួកគេបានប្រកួតចាញ់នៅក្នុងជំនួបពាន UEFA Europa League វគ្គផ្តាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុម Atalanta លទ្ធផល ៣-០។

សម្រាប់ពានរង្វាន់ German Cup នេះដែរ គឺជាពានរង្វាន់ Bayer Leverkusen បានឈ្នះជាលើកទី២ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីឈ្នះលើកដំបូងតាំងពីរដូវកាល ១៩៩២-៩៣ មក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង