ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លិប Manchester United មិនត្រូវបានគ្រូបង្វឹក ក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate ជ្រើសរើសយកជាសមាជិកនៃក្រុមជម្រើសជាតិ ដែលមានសមាជិកបណ្ដោះអាសន្នចំនួន ៣៣រូប សម្រាប់ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Euro 2024 នោះទេ។
កីឡាករដែលទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យ Manchester រូបនេះ បានបង្ហាញខ្លួន ៣៣ដង និងរកបាន ៧គ្រាប់នៅក្នុងរដូវកាល ២០២៣-២៤ ។
ទាក់ទិននឹងរឿងនេះដែរ លោក Gareth Southgate បានលើកឡើងដោយត្រង់ៗថា “ទាក់ទងនឹងរឿង Marcus ខ្ញុំមានអារម្មណ៍ថា មានកីឡាករផ្សេងៗទៀត ដែលស្ថិតនៅតួនាទី ខ្សែប្រយុទ្ធ និងបង្ហាញទម្រង់លេងល្អជាង នៅក្នុងរដូវកាលនេះ។ វាជារឿងធម្មតាដែលត្រូវសម្រេចចិត្តបែបនោះ។”
ទោះជាមិនបានជាប់ជា សមាជិកបណ្ដោះអាសន្នក្ដី ក៏ Rashford បង្ហោះជូនពរក្រុមជម្រើសជាតិអង់គ្លេស នៅបណ្ដាញសង្គមរបស់ខ្លួន។
ពាក់ព័ន្ធនឹងរឿងសមាជិកក្រុមអង់គ្លេសវិញ លោក Southgate នឹងជម្រុះចេញ ៧នាក់ទៀត ដោយសារតែបញ្ជីផ្លូវការនឹងមានសមាជិកតែ ២៦រូបប៉ុណ្ណោះ។
សូមជម្រាបផងដែរថា ព្រឹត្តិការណ៍ UEFA Euro 2024 នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមិថុនា រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រទេសអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត។ សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះដែរ ក្រុមអង់គ្លេសត្រូវបានផ្គូផ្គងចូលទៅពូល C ជាមួយនឹង ស្លូវេនី ដាណឺម៉ាក និងសែប៕