លោក Xavi Hernandez ដែលទើបត្រូវបានក្លិប Barcelona បញ្ចប់ពីតំណែងគ្រូបង្វឹក បានចាកចេញដោយការខកចិត្តបំផុត បន្ទាប់ពីព្យាយាមបំពេញការងារអោយបានល្អ ប៉ុន្តែគ្មានការសរសើរគ្រប់គ្រាន់ពីថ្នាក់ដឹកនាំរបស់ក្លិប។
លោក Xavi បានចូលដឹកនាំ Barcelona ជាមួយនឹងកិច្ចសន្យារយៈពេល ៣ឆ្នាំ ជំនួសលោក Ronald Koeman នៅឆ្នាំ ២០២១។ លោកបានជួយក្រុមឈ្នះពានលីគកំពូលអេស្ប៉ាញ លើកទី២៧ កាលពីរដូវកាលមុន ។ ក្នុងចំណោមការប្រកួតចំនួន ១៤២លើក ដែលលោក Xavi បានដឹកនាំ ក្នុងនោះរកបានជ័យជំនះ ៩០ ស្មើ ២៣ និងចាញ់ ២៩លើក។ ប៉ុន្តែទោះលទ្ធផលល្អច្រើនក្តី ការមិនឈ្នះពានរដូវកាលនេះ ធ្វើអោយក្លិបបញ្ចប់តំណែងរបស់លោក។ ចាប់តាំងពីត្រូវបណ្តេញចេញ បុរសវ័យ ៤៤ឆ្នាំ បានបង្ហាញអារម្មណ៍ខកចិត្តចំពោះក្លិបដែលធ្លាប់លេងអោយរយៈពេល ១៧ឆ្នាំ បែរជាមិនសូវផ្តល់តម្លៃចំពោះរូបលោក។
លោក Xavi បានអោយដឹងដូច្នេះ “អ្វីដែលខ្ញុំបានធ្វើក្នុងអំឡុងពេល ២ឆ្នាំ មកនេះគឺខ្ញុំខិតខំយ៉ាងខ្លាំង តែខ្ញុំគិតថាការងាររបស់ខ្ញុំនៅមិនទាន់គ្រប់គ្រាន់ដើម្បីទទួលការសរសើរពីក្លិប។”
Barcelona បានបញ្ចប់ចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ La Liga រដូវកាលនេះ ដោយមានគម្លាត ១០ពិន្ទុ ពីក្រុមជើងឯក Real Madrid ដែលមាន ៩៥ពិន្ទុ។ Barcelona មិនឈ្នះពានរង្វាន់អ្វីទាំងអស់ ដោយបានចាញ់ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup ហើយត្រូវបាន Athletic Bilbao ទម្លាក់នៅវគ្គ ៨ក្រុម ពានរង្វាន់ Copa del Rey។ នៅឯពានរង្វាន់ UEFA Champions League វិញ Barcelona ក៏ត្រូវបាន PSG ទម្លាក់ចេញត្រឹមវគ្គ ៨ក្រុម។
កាលពីខែមករា លោក Xavi បានប្រកាសចុះចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមធ្វើមិនបានល្អ ។ យ៉ាងណា កាលពីខែមេសា លោក Xavi សម្រេចចិត្តបន្តដឹកនាំ វិញ ក្រោយមានការជជែកជាមួយនឹងលោក Joan Laporta។ ប៉ុន្តែ Barcelona បែរជាបណ្តេញលោក Xavi ចេញ ក្រោយពីបានរកឃើញអ្នកមកជំនួសតំណែង ។ Barcelona ត្រូវបានគេរំពឹងថានឹងនាំយកលោក Hansi Flick អតីតគ្រូបង្វឹក Bayern Munich និងជម្រើសជាតិអាល្លឺម៉ង់ ទៅដឹកនាំនៅរដូវកាលក្រោយ៕