ប្រធានផ្នែកកីឡាក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Rudi Voller បាននិយាយថា អាល្លឺម៉ង់ ជាបេក្ខភាពដ៏សក្តិសម និងចាប់អារម្មណ៍បំផុត ក្នុងការប្រជែងជើងឯក UEFA Euro 2024។
មូលហេតុដែលនាំអោយលោក Voller លើកឡើងបែបនេះ ព្រោះតែកាលពីខែមីនា អាល្លឺម៉ង់ បានប្រកួតឈ្នះ បារាំង និងហូឡង់ ដែលសុទ្ធសឹងតែជាក្រុមខ្លាំងៗក្នុងតំបន់អឺរ៉ុប។ បច្ចុប្បន្នក្រុមជម្រើសជាតិអាល្លឺម៉ង់ កំពុងប្រមូលផ្តុំកីឡាករក្នុងជំរុំហ្វឹកហាត់រយៈពេលដ៏ខ្លីមួយ ក្នុងទីក្រុង Thuringia។ អំឡុងធ្វើសន្និសីទកាសែត ស្ថិតក្នុងជំរុំហ្វឹកហាត់ លោក Voller បានប្រាប់ក្រុមអ្នកកាសែតថា ក្រុមអាល្លឺម៉ង់ កំពុងបង្ហាញការអភិវឌ្ឍយ៉ាងល្អ។
លោក Voller បាននិយាយដូច្នេះ “ លទ្ធផលបង្ហាញថា យើងអភិវឌ្ឍបានល្អ ដោយការប្រកួតមិត្តភាព ២លើកចុងក្រោយ កាលពីខែមីនា។ យើងប្រទះឃើញថាបន្ទាប់ពីរយៈពេល ៣ខែកន្លះ មកនេះ ក្រោមការដឹកនាំរបស់លោក Nagelsmann យើងបានឈ្នះ ២ប្រកួតលើក្រុមខ្លាំងៗយ៉ាងពិតប្រាកដ។”
អាល្លឺម៉ង់ ម្ចាស់ពាន Euro ៣សម័យ ចាប់ផ្តើមបរាជ័យក្នុងការប្រកួតប្រជែងលំដាប់អន្តរជាតិ តាំងពីពេលពួកគេបានក្លាយជាក្រុមជើងឯក FIFA World Cup 2014។ អាល្លឺម៉ង់ បានធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ហើយពិបាកក្នុងការបង្ហាញភាពខ្លាំងរបស់ពួកគេចំពោះមុខ អ្នកគាំទ្រ ១០ឆ្នាំចុងក្រោយមកនេះ។ ចាប់តាំងពីឈ្នះ World Cup លើកទី៤ ដែលធ្វើឡើងនៅប្រទេសប្រេស៊ីល រួចមក ក្រុមអាល្លឺម៉ង់បានធ្លាក់ពីពានរង្វាន់ពិភពលោក ២លើកជាប់គ្នា ពោលក្នុងឆ្នាំ ២០១៨ និង ២០២២ នៅត្រឹមវគ្គចែកពូល។
រីឯនៅ UEFA Euro 2020 អាល្លឺម៉ង់បានធ្លាក់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ។ មុនការប្រកួត Euro 2024 ក្រុមកីឡាករជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានប្រទះឃើញថាមានភាពមមារញឹកខ្លាំង ក្នុងការប្រកួតប្រជែងអោយក្លិបរៀងៗខ្លួន។ កីឡាករចំនួនមកពីក្លិប Bayer Leverkusen ទើបតែបានបញ្ចប់ភារកិច្ចក្លិប ក្រោយជួយក្លិបឈ្នះពាន ២ Bundesliga និង German Cup ក្នុងមួយរដូវកាល។ កីឡាករសំខាន់ៗផ្សេងទៀត ដែលលេងអោយ Borussia Dortmund ក៏កំពុងត្រៀមលក្ខណៈប្រជែងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ទល់នឹង Real Madrid ថែមទៀត ដោយការប្រកួតនៅថ្ងៃទី១ ខែមិថុនា។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Euro 2024 នៅក្នុងប្រទេសអាល្លឺម៉ង់ ត្រូវចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ដល់ទី២០ ខែកក្កដា។ អាល្លឺម៉ង់ នឹងចាប់ផ្តើមការប្រកួតបើកឆាក នៅថ្ងៃទី១៤ ដោយត្រូវជួបក្រុមស្កុតឡែន មុនពេលទៅប៉ះហុងគ្រី និងស្វ៊ីស ក្នុងជំនួបពូល A៕
“ព្រឹត្តិការណ៍ UEFA Euro 2024, ក្រុមហ៊ុន CBS ដែលមាន CTN, MyTV និង CNC ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅកម្ពុជា”