ក្លិប Barcelona បានសម្រេចតែងតាំងអតីតគ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ និងក្លិប Bayern Munich លោក Hansi Flick មកជាគ្រូបង្វឹកថ្មីរបស់ខ្លួន នៅក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។
បុរសវ័យ ៥៩ឆ្នាំ មានភារកិច្ចស្តារក្លិប Barcelona ឡើងវិញ បន្ទាប់ពីការបរាជ័យឈ្នះពានរង្វាន់ណាមួយនៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Xavi។ លោក Xavi ត្រូវបាន Barcelona បញ្ចប់តំណែងកាលពីសប្តាហ៍មុនបន្ទាប់ពីមិនឈ្នះពានរង្វាន់ណាមួយដោយក្រុមស្ថិតនៅ ចំណាត់ថ្នាក់លេខ២ តិចជាង១០ពិន្ទុតាមពីក្រោយក្រុមជើងឯក Real Madrid នៅក្នុងក្របខណ្ឌ La Liga។ ពួកគេក៏បានចាញ់ Real Madrid របូតពាន Spanish Super Cup និងត្រូវបានទម្លាក់ចេញពីពានរង្វាន់ UEFA Champions League ដោយ Paris St Germain នៅវគ្គ ៨ ក្រុមចុងក្រោយ។
ការតែងតាំងលោក Hansi Flick មកកាន់តំណែង Barcelona បានលើកឡើងពីភាពជោគជ័យរបស់លោក នារដូវកាល ២០១៩-២០ ពេលនៅដឹកនាំ Bayern Munich ដោយបានឈ្នះពានរង្វាន់ដល់ទៅ ៦ គឺ Bundesliga, German Cup, , German Super Cup, Champions League, Super Cup និង Club World Cup ។ យ៉ាងណា ការងាររបស់លោក Hansi Flick នៅ Barcelona អាចប្រឈមនឹងបញ្ហាស្មុគស្មាញច្រើន ចំពេលមានភាពចលាចលរបស់ក្លិប ទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុ និងរឿងអាស្រូវរបស់អាជ្ញាកណ្តាលដែលអាចអូសបន្លាយជាច្រើនឆ្នាំ។
លោក Flick បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងការជួយគ្រូបង្វឹកលោកJoachim Low អំឡុងពេលយុទ្ធនាការឈ្នះ FIFA World Cup 2014 របស់អាល្លឺម៉ង់។ នៅឆ្នាំ២០១៩ លោកបានក្លាយជាគ្រូបង្វឹក Bayern Munich ដោយបានឈ្នះពានរង្វាន់ចំនួន ៧ ក្នុងការដឹកនាំ២រដូវកាល។
លោក បានដឹកនាំ Bayern Munich ឈ្នះពាន៣ ក្នុងឆ្នាំ ២០២០ នៅពេលដែលពួកគេបានយកឈ្នះ Barcelona ៨-២ ក្នុងដំណើរឆ្ពោះទៅកាន់ការឈ្នះពានរង្វាន់ Champions League មុនពេលចាកចេញពីក្លិប Bayern Munich នៅឆ្នាំ ២០២១ ដើម្បីដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់។
យ៉ាងណា លោក Flick ត្រូវបានគេរិះគន់ចំពោះការធ្វើមិនបានល្អរបស់ម្ចាស់ជើងឯកពិភពលោក៤សម័យកាលនៅ World Cup 2022 ដែលធ្លាក់នៅវគ្គចែកពូល ហើយទីបំផុតត្រូវបានបណ្តេញចេញនៅខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះជប៉ុន ក្នុងការប្រកួតមិត្តភាព៕